បាងកក៖ រដ្ឋាភិបាលថៃបានប្រកាសបើកយុទ្ធនាការទាក់ទាញយុវជនឱ្យចូលបម្រើការងារយោធាតាមគោលការណ៍ «ស្ម័គ្រចិត្ត» ក្រោមកម្មវិធី «ទាហានស្ម័គ្រចិត្ត» ដោយសន្យាផ្តល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភសរុប ១៥,០០០បាតក្នុងមួយខែ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ដំណើរការទទួលពាក្យនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៧ ដោយអ្នកស្ម័គ្រចិត្តអាចចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ និងអាចបន្តបានមួយលើកទៀត (សរុបអតិបរមា ៨ឆ្នាំ)។

ទោះបីជារដ្ឋាភិបាលថៃ ព្យាយាមអួតអាងថា កម្មវិធីនេះជាជំហានដ៏សំខាន់ក្នុងការ «កាត់បន្ថយការកែនទាហានដោយបង្ខំ» ក៏ដោយ ប៉ុន្តែអ្នកវិភាគ និងសង្គមស៊ីវិលបានសម្តែងការមន្ទិលសង្ស័យយ៉ាងខ្លាំង ដោយមើលឃើញថា វាគ្រាន់តែជាល្បិចកលនយោបាយលាបពណ៌ ដើម្បីបង្វែរអារម្មណ៍សាធារណជនចេញពីបញ្ហារចនាសម្ព័ន្ធដ៏ស្អុយរលួយនៅក្នុងកងទ័ពថៃតែប៉ុណ្ណោះ។

រដ្ឋាភិបាលថៃ បានព្យាយាមប្រើប្រាស់ការផ្ដល់ប្រាក់ខែ ១៥,០០០បាត ឬ (ប្រមាណជិត ៥០០ដុល្លារ) ការថែទាំសុខភាព ការធានារ៉ាប់រងអាយុជីវិត និងកូតាពិសេសសម្រាប់ប្រឡងចូលសាលានាយទាហានរង ជានុយសង្គម ដើម្បីតម្រង់ទិសយុវជនដែលគ្មានការងារធ្វើ។ ប៉ុន្តែធាតុពិត វិបត្តិអតិផរណា និងតម្លៃរស់នៅក្នុងប្រទេសថៃបច្ចុប្បន្ន បានធ្វើឱ្យទឹកប្រាក់ ១៥,០០០បាតក្លាយជាចំនួនដ៏ស្តួចស្តើងបំផុត ប្រៀបដូចជាការទិញយកសេរីភាព និងជីវិតរបស់យុវជនក្នុងតម្លៃថោកសមរម្យ។

លើសពីនេះ ការសន្យាផ្តល់ការអប់រំ និងជំនាញជីវភាព ត្រូវគេមើលឃើញថា ជាការបង្កើនឥទ្ធិពលយោធានៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ជាងការបង្កើតឱកាសពិតប្រាកដដល់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលថៃនៅតែមិនហ៊ានប្រកាស «លុបបំបាត់ការកែនទាហានដោយបង្ខំ» ឱ្យបានដាច់ស្រឡះនោះឡើយ ដោយគ្រាន់តែប្រើពាក្យថា «កាត់បន្ថយបន្តិចម្តងៗ»។ នេះបង្ហាញយ៉ាងច្បាស់ថា របបយោធានិយមថៃ នៅតែចង់ក្រសោបអំណាច និងរក្សាប្រព័ន្ធកែនទាហានទុកជាឧបករណ៍គៀបសង្កត់សិទ្ធិសេរីភាព និងជាប្រភពពលកម្មតម្លៃថោកសម្រាប់មេបញ្ជាការកំពូលៗ។

ចំណាត់ការដែលខ្វះតម្លាភាព និងខ្វះឆន្ទៈកែទម្រង់ពិតប្រាកដបែបនេះ នឹងមិនអាចដោះស្រាយវិបត្តិរំលោភសិទ្ធិមនុស្ស និងការធ្វើទារុណកម្មនៅក្នុងជួរទាហានថ្មីបានឡើយ។ វាគ្រាន់តែជាការបង្កើតទម្រង់លាបពណ៌ថ្មីមួយ ដើម្បីបន្តពង្រីកចក្រភពយោធាថៃ ក្រោមរូបភាព «ស្ម័គ្រចិត្ត» តែប៉ុណ្ណោះ៕

ប្រភព៖ Khaosod English

Share.