ម្ចាស់ហាងកាហ្វេមួយកន្លែងនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ និងណែនាំអប់រំ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ទីតាំងនេះមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រដាល់ថៃតាមទូរទស្សន៍។

ការចុះអន្តរាគមន៍នេះធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទទួលបានព័ត៌មានតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេមួយស្ថិតនៅផ្ទះលេខ៤១៥ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានចុះទៅដល់ទីតាំង និងកោះហៅម្ចាស់ហាងឈ្មោះ ជុយ លីចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីសួរនាំ និងធ្វើការណែនាំអប់រំ។

ក្រោយការសួរនាំ សមត្ថកិច្ចបានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សមត្ថកិច្ចក៏បានព្រមានថា ប្រសិនបើនៅតែបន្តលួចលាក់ប្រព្រឹត្តសកម្មភាពខុសច្បាប់ នឹងត្រូវប្រឈមចំពោះមុខច្បាប់។ បន្ទាប់ពីម្ចាស់ទីតាំងទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចរួចហើយ សមត្ថកិច្ចបានអនុញ្ញាតឱ្យរូបគេត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ចតុម្មុខ

Share.