ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានចូលដល់របត់ថ្មីមួយទៀត ដោយភាគីទាំងពីរបានបញ្ចប់ «កិច្ចប្រជុំផែនការបឋម (IPC)» ដោយជោគជ័យ ដើម្បីរៀបចំ «លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧»។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមឡើងវិញនូវលំហាត់យោធាទ្វេភាគីនេះ បន្ទាប់ពីត្រូវ បានផ្អាកអស់រយៈពេលប្រមាណ ១០ ឆ្នាំកន្លងមក។

កិច្ចប្រជុំរៀបចំផែនការនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និងកងឆ្មាំរដ្ឋអាយដាហូ (Idaho National Guard)។

ក្នុងជំនួសពិភាក្សានេះ តំណាងយោធានៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់ និងរៀបចំផែនការលើវិស័យសន្តិសុខសំខាន់ៗមួយចំនួន រួមមាន៖ ការរៀបចំលំហាត់ទីបញ្ជាការ, ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល, ការងារវិស្វកម្មយោធា ព្រមទាំងបច្ចេកទេសកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។

តាមការបញ្ជាក់ពីប្រភពដដែល លំហាត់បាញ់ស៊ីប និងហ្វឹកហ្វឺន «ឆ្មាំអង្គរ ឆ្នាំ២០២៧» នេះ គ្រោងនឹងប្រព្រឹត្តទៅជាផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តោតលើការរៀបចំសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការបង្កើនអន្តរប្រតិបត្តិការរវាងកងទ័ពទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាណបង្ហាញពីសន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្តេជ្ញាចិត្តរួមគ្នារវាង កម្ពុជា និងសហរដ្ឋអាមេរិក ផងដែរ៕

Share.