សារព័ត៌មានវៀតណាម បានចេញផ្សាយថ្មីៗនេះឱ្យដឹងថា យោងតាមទិន្នន័យពីការិយាល័យទិន្នន័យទេសចរណ៍កូរ៉េខាងត្បូង នៃអង្គការ KTO បានបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ នេះ កូរ៉េខាងត្បូងបានកត់ត្រាបណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខពីសំណាក់ភ្ញៀវទេសចរចំនួន ១,៧៥៣ ករណី ដែលជាតួលេខខ្ពស់ជាងចំនួនបណ្តឹងសរុបពេញមួយឆ្នាំ២០២៥ មាន ១,៧៤៤ ករណីទៅទៀត។

ប្រភពដើមនៃបណ្តឹងទាំងនោះ ត្រូវបញ្ជូនតាមរយៈគេហទំព័រមជ្ឈមណ្ឌលបណ្តឹងទេសចរណ៍ និងប្រព័ន្ធទូរស័ព្ទផ្លូវការ Korea Travel Hotline 1330 ដែលជាច្រកឆ្លើយតបចម្បងសម្រាប់សម្រួលដល់ភ្ញៀវទេសចរបរទេសដែលមានឧបសគ្គផ្នែកភាសា។ និន្នាការនៃបណ្តឹងបានស្ទុះហក់ឡើងយ៉ាងគំហុកបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដោយកើនឡើងពី ២៨៨ ករណីក្នុងឆ្នាំ២០២២ រហូតដល់ ៩០២ ករណីក្នុងឆ្នាំ២០២៣ និង ១,៥៤៣ ករណីក្នុងឆ្នាំ២០២៤។
តាមការស្ទង់មតិ តំបន់ដែលទទួលបានបណ្តឹងច្រើនជាងគេ រួមមាន៖ ទីក្រុងសេអ៊ូល ក្តោបក្តាប់ចំនួនបណ្តឹងច្រើនជាងគេបង្អស់។ បន្ទាប់មកគឺទីក្រុងប៊ូសាន បានកត់ត្រាការកើនឡើងនៃបណ្តឹងខ្លាំងជាងគេ ជិត ២.៥ ដង ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាពេលវេលាទីក្រុងនេះទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ក្រុម BTS កាលពីខែមិថុនា។ ចុងក្រោយគឺទីក្រុងអ៊ិនឈុន និងកោះឆេជូ បានឈរនៅលំដាប់បន្តបន្ទាប់។

បញ្ហាប្រឈមចម្បងដែលភ្ញៀវទេសចរប្តឹងរ៉ាយរ៉ាប់ច្រើនជាងគេ គឺសេវាកម្មស្នាក់នៅ ការលុបចោលការកក់បន្ទប់ឯកតោភាគីពីម្ចាស់អាជីវកម្ម និងការទារពិន័យថ្លៃខ្ពស់ បញ្ហាសុវត្ថិភាពនិងអនាម័យក្នុងសណ្ឋាគារ បញ្ហាផ្សារភ្ជាប់នឹងការទិញទំនិញ វិវាទតម្លៃ និងឥរិយាបថបុគ្គលិក សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងអាជីវកម្មតាក់ស៊ី ការបដិសេធមិនព្រមបើកនាឡិកាវាស់ប្រាក់ និងការបើកបរប្រកបដោយគ្រោះថ្នាក់ ជាដើម។
បើគិតតាមសញ្ជាតិ ភ្ញៀវទេសចរមកពីចិនដីគោក បានដាក់ពាក្យបណ្តឹងច្រើនជាងគេ បន្ទាប់មកគឺប្រជាពលរដ្ឋកូរ៉េខ្លួនឯង ជប៉ុន តៃវ៉ាន់ និងហុងកុង។ ការកើនឡើងនៃបណ្តឹងតវ៉ានេះ បានកើតឡើងក្នុងអំឡុងពេលដែលឧស្សាហកម្មទេសចរណ៍កូរ៉េខាងត្បូងកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២៦ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរចូលកូរ៉េខាងត្បូងបានកើនឡើងហួស ១០ លាននាក់ជាលើកដំបូង ព្រមទាំងជួយឱ្យជញ្ជីងចំណាយទេសចរណ៍អន្តរជាតិរបស់ប្រទេសនេះទទួលបានអតិរេកជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២៦ មកផងដែរ៕
