កាឡាស៊ីន៖ មុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនម្នាក់ បានលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ក្នុងរថយន្តទាំងមិនបានបិទពន្លត់ម៉ាស៊ីន នៅពេលកំពុងលាងសម្អាតនៅហាងលាងឡានមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចថៃបើកប្រតិបត្តិការឡោមព័ទ្ធចាប់ខ្លួនបានសម្រេច ហើយបានរកឃើញថ្នាំញៀនជាង ៤ម៉ឺនគ្រាប់ និងអាវុធខុសច្បាប់។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១២:៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅហាងលាងឡានមួយកន្លែងស្ថិតនៅលើដងផ្លូវ Pracha Uthit Road ក្នុងក្រុងកាឡាស៊ីន ប្រទេសថៃ។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកាឡាស៊ីន បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះថា អេកាពុន (Ekaphon) ហៅ អេក (Ek) អាយុ ៣៩ឆ្នាំ បានបើករថយន្តម៉ាក Toyota Yaris ពណ៌ប្រផេះ ចូលទៅលាងសម្អាតដោយសារប្រលាក់ដីពេក។ ប៉ុន្តែ អ្វីដែលគួរឱ្យហួសចិត្តនោះ នៅពេលកម្មករហាងលាងឡានកំពុងមមាញឹកលាងសម្អាតរថយន្ត ជនសង្ស័យបែរជាដេកលង់លក់យ៉ាងស្កប់ស្កល់នៅខាងក្នុងរថយន្តដោយមិនបានបិទពន្លត់ម៉ាស៊ីនឡើយ។

ភាពខុសប្រក្រតីដ៏គួរឱ្យសង្ស័យនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋម្នាក់ ដែលបានសម្រេចចិត្តទូរស័ព្ទរាយការណ៍បន្ទាន់ទៅកាន់ខ្សែទូរស័ព្ទ Hot Line របស់អភិបាលខេត្តកាឡាស៊ីន លេខ ១៥៦៧ និងលេខបន្ទាន់របស់ស្នងការនគរបាលខេត្ត លេខ ១៩១ ដែលនាំឱ្យកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ត្រួតពិនិត្យភ្លាមៗ។
លោកឧត្តមសេនីយ៍ទោ សុងផុន បូរីបានប្រាស៊ីត ស្នងការនគរបាលខេត្តកាឡាស៊ីន បានបើកបង្ហាញថា ដំបូងឡើយមន្ត្រីនគរបាលមិនអាចដាស់ជនសង្ស័យឱ្យភ្ញាក់បានឡើយ ទោះបីជាខិតខំគោះ និងហៅយ៉ាងណាក៏ដោយ។ លុះពេលសមត្ថកិច្ចប្រឹងប្រែងរុញបើកទ្វាររថយន្តបាន ទើបធ្វើឱ្យជនសង្ស័យភ្ញាក់ឡើងទាំងភាំងស្មារតី និងមុខស្លេកស្លាំង។

តាមរយៈការឆែកឆេរយ៉ាងហ្មត់ចត់នៅក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញគ្រាប់ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១២.០០០គ្រាប់ ព្រមទាំងមានកាំភ្លើងខ្លីកែច្នៃពាក់កណ្តាលស្វ័យប្រវត្តិ និងគ្រាប់កាំភ្លើងបម្រុងទុកជាច្រើនគ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីការសាកសួរនាំរួច ប៉ូលិសបានបន្តដឹកដៃជនសង្ស័យទៅឆែកឆេរក្នុងបន្ទប់សណ្ឋាគារដែលខ្លួនបានជួលស្នាក់នៅ និងបានរកឃើញថ្នាំញៀនប្រភេទដូចគ្នាថែមទៀតចំនួន ៣០.០០០គ្រាប់ ដែលធ្វើឱ្យចំនួននៃការបង្រ្កាបសរុបកើនឡើងដល់ ៤២.០០០គ្រាប់។

ក្នុងការសាកសួរចម្លើយបឋម ជនសង្ស័យ អេកាពុន បានសារភាពទាំងគ្មានលាក់លៀមថា គ្រឿងញៀនទាំងអស់នេះគឺជារបស់ខ្លួនពិតមែន ដោយបានទទួលប្រភពទិញពីបណ្តាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅប្រទេសឡាវ និងមានភារកិច្ចដឹកជញ្ជូនយកមកចែកចាយបន្តតាមបណ្តាខេត្តផ្សេងៗក្នុងតំបន់ឦសានប្រទេសថៃ។ ជនសង្ស័យរូបនេះបានអះអាងថា មូលហេតុដែលខ្លួនដេកលក់ក្នុងហាងលាងឡាន គឺដោយសារតែខ្លួនមិនបានដេកពួនសោះរយៈពេល ៧ថ្ងៃពេញ ព្រោះតែជាប់រវល់បើកបរដឹកជញ្ជូនទំនិញទាំងនេះ ដោយទទួលបានកម្រៃឈ្នួលត្រឹមតែ ៧០.០០០បាតប៉ុណ្ណោះ ខណៈដែលខ្លួនកំពុងត្រៀមយកទៅចែកចាយបន្តនៅខេត្តកាឡាស៊ីន។
សរុបសេចក្តីមក វិធានការប្រកាសបោសសម្អាត ឬការសន្យារបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប៉ូលិសថៃ នឹងមិនមានប្រសិទ្ធភាពពិតប្រាកដនោះឡើយ ប្រសិនបើគ្មានការរឹតបន្តឹងការអនុវត្តច្បាប់លើការកាន់កាប់អាវុធ និងការទប់ស្កាត់អំពើពុករលួយ ដែលបើកផ្លូវឱ្យឧក្រិដ្ឋជនគ្រឿងញៀនធ្វើចរាចរណ៍យ៉ាងរលូនក្នុងសង្គម៕
