ឧក្រិដ្ឋជនបរទេសម្នាក់ទៀត ជាមេបណ្តាញឆបោកតាមអនឡាញកម្រិតអន្តរជាតិ ដែលស្ថិតក្នុងបញ្ជីក្រហមតាមចាប់ខ្លួន របស់ប៉ូលិសអន្តរជាតិ (Interpol) និងមានដីកាតាមចាប់ខ្លួនពីប្រទេសកូរ៉េខាងត្បូង ទីបំផុតត្រូវបានឃាត់ខ្លួនបានហើយ ក្រោយរូបគេបានលួចរត់មកសំងំរស់នៅយ៉ាងសុខសាន្ត ក្នុងប្រទេសថៃ អស់រយៈពេលរហូតដល់ ២៦០ថ្ងៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនល្មើសឈ្មោះ Lim ដល់ក្នុងបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភាគខាងជើងរាជធានីបាងកក។

ជនល្មើសឈ្មោះ Lim រូបនេះ គឺជាមេខ្លោងនៃអង្គការឧក្រិដ្ឋកម្មអនឡាញឈ្មោះ «Lucky Nine» ដែលមានបណ្តាញភ្នាក់ងាររហូតដល់ ១២ទីតាំង ទូទាំងប្រទេសកូរ៉េខាងត្បូង រួមទាំងសាខាសំខាន់ៗដូចជា Seolleung, Gold និង Somang ជាដើម។ ល្បិចកលនៃការបោកប្រាស់របស់ក្រុមនេះ គឺបង្កើតជារូបភាពវិនិយោគទុនក្លែងក្លាយ ដោយប្រើវិធីសាស្ត្រលួងលោមជនរងគ្រោះថា នឹងទទួលបានភាគលាភ និងអត្រាការប្រាក់ខ្ពស់ចាប់ពី ៣% ដល់ ២១% ផ្អែកលើទំហំដើមទុន។

ទោះជាយ៉ាងណា ទឹកប្រាក់រាប់លានដុល្លារដែលប្រមូលបានពីជនរងគ្រោះ មិនត្រូវបានយកទៅវិនិយោគត្រឹមត្រូវនោះឡើយ ពោលគឺត្រូវក្រុមនេះបង្វែរយកទៅចាក់ភ្នាល់ក្នុងល្បែងកាស៊ីណូអនឡាញនៅបរទេស និងមួយផ្នែកទៀតប្រើប្រាស់តាមទម្រង់ Ponzi Scheme (យកលុយអ្នកក្រោយទៅបង់ឱ្យអ្នកមុន) ដើម្បីបិទបាំងសកម្មភាពល្មើស។ តាមការបញ្ជាក់ សកម្មភាពឆបោកនេះបានធ្វើឱ្យមនុស្សជាង ១០០នាក់ រងគ្រោះ និងខាតបង់ប្រាក់សរុបប្រមាណជាង ១០ពាន់លានវ៉ុន (ស្មើនឹងប្រហែល ៧.៤លានដុល្លារអាមេរិក)។

យ៉ាងណាម៉ិញ ការបញ្ចប់សេរីភាពរបស់មេខ្លោងរូបនេះ បន្ទាប់ពីបានរត់មកពួនសំងំរស់នៅយ៉ាងរីករាយក្នុងប្រទេសថៃ អស់ជាច្រើនខែ គឺជាសារព្រមានយ៉ាងច្បាស់ៗទៅកាន់ក្រុមឧក្រិដ្ឋជនឆ្លងដែនថា ទោះជាខិតខំរត់ពួន និងប្រើប្រាស់លុយដែលបានពីការបោកប្រាស់មកសាងសេចក្តីសុខផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕

ប្រភព ៖ VN Express

Share.