គ្រួសារវីរកងកម្លាំងជួរមុខជាង១០០គ្រួសារ ដែលសមាជិកកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ និងទឹកដី នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ទទួលបានការឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ការជួបសំណេះសំណាល និងផ្តល់ការឧបត្ថម្ភនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិបឹងជង្រុកតេជោ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឱ្យដឹងថា ជារៀងរាល់ខែ ក្រុមការងារ រួមជាមួយសប្បុរសជន តែងចុះជួបសំណេះសំណាលជាមួយគ្រួសាររបស់កងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ដើម្បីសួរសុខទុក្ខ និងចូលរួមសម្រាលបន្ទុកក្នុងពេលដែលសមាជិកគ្រួសាររបស់ពួកគាត់កំពុងបំពេញភារកិច្ចការពារប្រទេស។

អំណោយដែលផ្តល់ជូនគ្រួសារកងកម្លាំង រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ ថ្នាំសង្កូវ និងថវិកា។ ការឧបត្ថម្ភនេះមានការចូលរួមពីសប្បុរសជន និងអាជីវករដែលមានទឹកចិត្តចូលរួមជួយដល់គ្រួសាររបស់កងកម្លាំង។ ក្រៅពីការឧបត្ថម្ភជាសម្ភារៈ ក្រុមការងារក៏បានពាំនាំព័ត៌មានពីសមាជិកកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ មកជម្រាបជូនក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់បានដឹងពីសុខទុក្ខ និងការបំពេញភារកិច្ចរបស់សាច់ញាតិរបស់ខ្លួន ព្រមទាំងបង្កើនភាពកក់ក្តៅ និងទំនាក់ទំនងរវាងក្រុមការងារ និងគ្រួសារកងកម្លាំង។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមលើកទឹកចិត្ត និងជួយគាំទ្រដល់គ្រួសាររបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខការពារទឹកដីកម្ពុជា៕

Share.