
តាមផ្សាយរបស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វ និងទីផ្សារសាច់មាន់ស្រស់ធម្មជាតិនៅក្នុងប្រទេសវៀតណាម កំពុងតែប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ និងប្រឈមនឹងការបាត់បង់ទីផ្សារយ៉ាងគំហុក ដោយសារតែរលកនៃការនាំចូលសាច់មាន់កក និងគ្រឿងក្នុងបក្សីដែលមានតម្លៃថោកជាងតម្លៃបន្លែនៅលើទីផ្សារទៅទៀត ខណៈដែលប្រជាពលរដ្ឋបានបង្វែរអារម្មណ៍ទៅទិញតែទំនិញដែលមានតម្លៃថោកដើម្បីកាត់បន្ថយចំណាយ។
ផ្អែកតាមទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៦ នេះ ប្រទេសវៀតណាមបាននាំចូលសាច់ និងផលិតផលសាច់រហូតដល់ប្រមាណ ៥៩៥.៧០០ តោន (កើនឡើង ១១,៤% ធៀបនឹងឆ្នាំមុន) ក្នុងទំហំទឹកប្រាក់ជាង ១,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ក្រុមសាច់មាន់ និងគ្រឿងក្នុងបក្សីនាំចូល មានចំនួនរហូតដល់ជិត ២១៧.៤០០ តោន (ស្មើនឹង ៣៦,៥% នៃបរិមាណសាច់នាំចូលសរុប) ដោយភាគច្រើនលើសលប់លើសពី ៧១,៥% ។
សាច់មាន់ និងគ្រឿងក្នុងនាំចូលមានតម្លៃមធ្យមត្រឹមតែ ប្រហែល ១.០២ ដុល្លារក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ តម្លៃនេះ គឺថោកជាងបន្លែទូទៅនៅលើទីផ្សារថៃ/វៀតណាមទៅទៀត។ សាច់មាន់ស្រស់ដែលផលិតក្នុងស្រុកវៀតណាម មានតម្លៃចន្លោះពី ២.៥-៣.៥ ដុល្លារ/គីឡូក្រាម។ ដូចនេះ សាច់មាន់កកនាំចូលមានតម្លៃថោកជាងសាច់មាន់ស្រស់ក្នុងស្រុកពី ២១% ទៅ ៥៥%ដែលជាហេតុធ្វើឱ្យសាច់មាន់ស្រស់ធម្មជាតិក្នុងស្រុកមិនអាចប្រកួតប្រជែងតម្លៃបានឡើយ។
លោក Nguyen Quy Khiem អគ្គលេខាធិការសមាគមបក្សីវៀតណាម (VPA) បានពន្យល់ថា ប្រជាជននៅអឺរ៉ុប និងអាមេរិក និយមបរិភោគតែ «ទ្រូងមាន់» ហើយលក់ក្នុងតម្លៃថ្លៃកប់ពពក ពោលគឺថ្លៃជាងផ្នែកផ្សេងៗ ៤ ដង ដើម្បីប្រមូលដើមទុនមកវិញ។ ដូច្នេះផ្នែក ភ្លៅ ស្លាប ក និងគ្រឿងក្នុង ត្រូវបានគេរុញមកលក់ឡៃឡុងនៅប្រទេសវៀតណាម និងអាស៊ី ក្នុងតម្លៃថោកបំផុត គួបផ្សំ និងដើមទុនផលិតកម្មនៅអាមេរិក ឬប្រេស៊ីល មានតម្លៃទាបស្រាប់។
វិបត្តិនៃការសម្រុកទិញសាច់មាន់កកតម្លៃថោកពីសំណាក់ប្រជាពលរដ្ឋវៀតណាម និងអាជីវករ មិនត្រឹមតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមមាន់ស្រស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងតែបំផ្លាញខ្សែច្រវាក់ផលិតកម្មកសិកម្មធម្មជាតិទាំងមូលផងដែរ ប្រសិនបើគ្មានវិធានការរឹតបន្តឹងលើការនាំចូល ឬការគាំពារកសិករក្នុងស្រុកឱ្យបានទាន់ពេលវេលានោះទេ៕
