បន្ទាយមានជ័យ៖ អតីតយុទ្ធជនចំនួន១៧គ្រួសារ នៅខេត្តបន្ទាយមានជ័យ បានទទួលផ្ទះម្នាក់មួយខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលជីវភាព និងផ្តល់លំនៅឋានសមរម្យដល់គ្រួសារអតីតយុទ្ធជន។

ការទទួលផ្ទះនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ ស្ថិតក្នុងភូមិ/ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អតីតយុទ្ធជនទាំង១៧គ្រួសារ បានចាប់ឆ្នោតទទួលផ្ទះ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេ។
លោកអភិបាលខេត្តបានលើកឡើងថា ការផ្តល់ផ្ទះ និងដីលំនៅឋាននេះ គឺជាការតបស្នងចំពោះការលះបង់របស់អតីតយុទ្ធជន ដែលធ្លាប់ចូលរួមការពារមាតុភូមិ និងបានលះបង់កម្លាំងកាយចិត្ត ក្នុងនោះមានអ្នកខ្លះបានពិការ និងបាត់បង់សមាជិកគ្រួសារ ក្នុងអំឡុងពេលបំពេញបេសកកម្ម។

ឯកឧត្តម អ៊ុ រាត្រី បន្តថា តាមរយៈគោលនយោបាយជួយដល់អតីតយុទ្ធជន គ្រួសារដែលមានលក្ខខណ្ឌទទួលបានការឧបត្ថម្ភដីសម្រាប់លំនៅឋាន និងផ្ទះ ដើម្បីឱ្យពួកគេមានកន្លែងរស់នៅសមរម្យ និងអាចប្រកបជីវភាពបានកាន់តែប្រសើរ។ ការផ្តល់ផ្ទះជូនអតីតយុទ្ធជនទាំង១៧គ្រួសារ ត្រូវបានចាត់ទុកថា ជាការជួយដោះស្រាយតម្រូវការលំនៅឋាន និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជននៅមូលដ្ឋាន៕
អត្ថបទ៖ បន្ទាយមានជ័យ

