ណារ៉ាធិវ៉ាត់ ៖ ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានឈានដល់កម្រិតតានតឹងជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចអាវុធយ៉ាងក្ដៅគគុកនៅតំបន់ភ្នំ Khao Tawe ស្ថិតក្នុងឃុំ Chuab ស្រុក Cho-airong ខេត្តណារ៉ាធិវ៉ាត់។ នេះបើតាម Khaosod ។

ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងពេលដែលកងកម្លាំងប្រតិបត្តិការពិសេសចម្រុះខេត្តណារ៉ាធិវ៉ាត់ ចុះអនុវត្តច្បាប់ និងតាមដានក្រុមប្រដាប់អាវុធនៅក្នុងតំបន់។ ខណៈកំពុងប្រតិបត្តិការ ក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារមកលើសមត្ថកិច្ចមុន បង្ខំឱ្យកងកម្លាំងវាយបកវិញភ្លាមៗ នៅលើទីតាំងភូមិសាស្ត្រព្រៃភ្នំដ៏ស្មុគស្មាញ។
របាយការណ៍បឋមបញ្ជាក់ថា ការបាញ់ប្រហារមានស្លាប់ចំនួន ១នាក់ នៅកន្លែងកើតហេតុ។ កងកម្លាំងទាំងអស់មានសុវត្ថិភាព ដោយគ្មានរងរបួស ឬបាត់បង់ជីវិតឡើយ។

ពេលនេះ កងកម្លាំងសមត្ថកិច្ចថៃកំពុងបន្តបិទខ្ទប់ និងពិនិត្យស្រាវជ្រាវទីតាំងកើតហេតុយ៉ាងល្អិតល្អន់ ដោយសារតំបន់នោះនៅតែមានហានិភ័យ។ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងតំបន់ ជៀសវាងការធ្វើដំណើរជិតទីតាំងកើតហេតុ និងរង់ចាំតាមដានព័ត៌មានផ្លូវការបន្ថែមទៀត៕
