ភ្នំពេញ ៖ ហាងម៉ាស្សា២កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការចុះបង្ក្រាប ពាក់ព័ន្ធករណីសញ្ចារកម្ម ឃាត់ខ្លួនមុចាស់ហាង២នាក់ និងរំដោះនារីរងគ្រោះបាន៧នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះលេខ៧៣C និងផ្ទះលេខ៨៦C តាមផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្ដមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពី លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងហាងម៉ាស្សាចំនួន០២ទីតាំងខាងលើ ដោយពាក់ព័ន្ធករណីសញ្ចារកម្ម ។

ហាងម៉ាស្សាទី១ ស្ថិតនៅផ្ទះលេខ៧៣C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រកឃើញនារីចំនួន៦នាក់ ក្នុងនោះ អនីតិជន ចំនួន៣នាក់, ម្ចាស់ទីតាំង០១នាក់ ។ ហាងម៉ាស្សា ទី២ ស្ថិតនៅផ្ទះលេខ៨៦C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ រកឃើញចំនួន៣នាក់ ស្រី២នាក់ ក្នុងនោះ អនីតិជន១នាក់, ម្ចាស់ទីតាំង ១នាក់/ប្រុស ។

ជនសង្ស័យជាម្ចាស់ហាង២នាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបាននាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ចំណែកឯនារីរងគ្រោះ៧នាក់ អនីតិជន៤នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕
អត្ថបទ៖តាតុងសែនជ័យ

