ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣ នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល ក្រុមការងារបានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ១៤៦ ដុំ មានទម្ងន់សុទ្ធសរុប ៧៣,០១៧ គីឡូក្រាម និងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៦ ២១៩ ក្រាម។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង ៣ នាក់ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

អត្ថបទ៖ ត្រយងតូច

