ភ្នំពេញ៖ ការបើកបរយានយន្តដឹកជញ្ជូនទំនិញសម្ពីងសម្ពោង លើសទម្ងន់កំណត់ និងខុសលក្ខណៈបច្ចេកទេស នៅតែជាដើមហេតុចម្បងមួយដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខូចខាតទ្រព្យសម្បត្តិ និងបាត់បង់ជីវិតមនុស្សជាច្រើនលើដងផ្លូវជាប្រចាំ។ ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសារអំពាវនាវ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់យានយន្ត និងអ្នកបើកបរទាំងអស់ ឱ្យបញ្ឈប់សកម្មភាពប្រកបដោយហានិភ័យខ្ពស់ទាំងនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការរង បានគូសរំលេចពីផលវិបាក និងគ្រោះថ្នាក់ធ្ងន់ធ្ងរចំនួន ៨ ចំណុច ដែលបណ្តាលមកពីការដឹកទំនិញខុសបច្ចេកទេស រួមមាន ៖ ១.បាត់បង់លំនឹងរថយន្ត ២. ចម្ងាយហ្វ្រាំងកាន់តែឆ្ងាយ ប្រសិនបើមានឧបសគ្គភ្លាមៗ អាចហ្វ្រាំងមិនទាន់ និងបុកអ្នកដទៃ។ ៣.ទំនិញអាចធ្លាក់ចេញពីរថយន្ត ៤.បាំងការមើលឃើញ ងាយបង្កគ្រោះថ្នាក់លើអ្នករួមដំណើរផ្សេងទៀត។ ៥.ងាយក្រឡាប់ពេលបត់ ៦.ខូចប្រព័ន្ធរថយន្ត ទម្ងន់លើសអាចបង្កការខូចខាតដល់សំបកកង់ ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធព្យួរ និងផ្នែកផ្សេងៗរបស់រថយន្ត។ ៧.ពិបាកឡើងឡើងស្ពាន ទួល ដែលពេលរថយន្តត្រូវរអិលថយក្រោយ បណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ និង៨.ខូចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ផ្អាក និងលុបបំបាត់ការដឹកជញ្ជូនសម្ពីងសម្ពោង ឬលើសទម្ងន់ចាប់ពីពេលនេះតទៅ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរទាំងអស់នៅលើដងផ្លូវសាធារណៈ៕

Share.