អ្នកជំនាញមកពីអង្គការសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានលើកឡើងស្របគ្នាថា ការពង្រឹងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការរៀបចំផែនការ និងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្លាស់ប្តូរទម្លាប់ពី «ការស្តាប់ដើម្បីឆ្លើយតប» ទៅជា «ការស្តាប់ដោយសកម្មដើម្បីយល់» ព្រមទាំងការបង្កើតយន្តការចូលរួមប្រកបដោយបរិយាបន្នពិតប្រាកដ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

នៅក្នុងកិច្ចពិភាក្សា ស្ដីពី «ការអនុវត្តគម្រោង ពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ ដើម្បីរៀបចំផែនការ និងផ្តល់សេវាសម្រាប់ទាំងអស់គ្នា» ហៅកាត់ថា CLIP កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការសីលការ (SILAKA) បានលើកឡើងថា កត្តាស្នូលនៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺការបណ្តុះបណ្តាលជំនាញ «ស្តាប់សកម្ម» ទាំងដល់អ្នកផ្តល់សេវា និងអ្នកទទួលសេវា។ លោកស្រីបានកត់សម្គាល់ថា កន្លងមក ការសន្ទនារវាងភាគីទាំងពីរជួបភាពរកាំរកូស ដោយសារតែការជ្រើសរើសស្តាប់តែអ្វីដែលខ្លួនចង់ស្តាប់ និងការជៀសវាងពិភាក្សាលើបញ្ហាប្រឈម។ ដូច្នេះ គម្រោង CLIP មានគោលដៅលុបបំបាត់គម្លាតរវាងរដ្ឋាភិបាល និងពលរដ្ឋ ដោយធានាថាមន្ត្រីសាធារណៈបំពេញតួនាទីជា «អ្នកបម្រើរាស្ត្រ» រីឯប្រជាពលរដ្ឋបំពេញតួនាទីជា «ពលរដ្ឋសកម្ម» ដែលហ៊ានបញ្ចេញមតិដោយមិនធ្វើឱ្យភាគីណាមួយក្លាយជាជនរងគ្រោះ ឬជនជាប់ចោទក្នុងជំនួបនោះឡើយ។

លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការសីលការ (SILAKA)

ជាការឆ្លើយតបពីខាងស្ថាប័នរដ្ឋ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា បើទោះបីជាមានលិខិតបទដ្ឋានគតិយុត្តិណែនាំជាច្រើនក៏ដោយ ក៏សមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានមួយចំនួនក្នុងការរៀបចំកិច្ចប្រជុំប្រកបដោយបរិយាបន្ននៅមានកម្រិតនៅឡើយ។ លោកបានបញ្ជាក់ថា អាជ្ញាធរច្រើនតែអញ្ជើញពលរដ្ឋមកគ្រប់ចំនួនតាមកូតា ប៉ុន្តែមិនទាន់បានផ្តល់តម្លៃ ឬយល់ដឹងស៊ីជម្រៅពីតម្រូវការជាក់ស្តែងរបស់ក្រុមងាយរងគ្រោះ ជនមានពិការភាព និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) នោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីណែនាំលេខ ០៤៥ និងខិតខំបណ្តុះបណ្តាលមន្ត្រីមូលដ្ឋានបន្ថែមលើជំនាញស្តាប់ ព្រមទាំងជំរុញឱ្យមានការបង្កើត «វប្បធម៌នៃកិច្ចសហការ និងការចូលរួម» រវាងអាជ្ញាធរ និងយុវជនតាំងពីវ័យក្មេង ដើម្បីកាត់បន្ថយភាពខ្លាចរអែងរវាងពលរដ្ឋ និងអាជ្ញាធរដែនដី។

លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

ដោយឡែក លើទិដ្ឋភាពនៃការគ្រប់គ្រង និងបែងចែកថវិកា លោក ផាន់ ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រមូលមតិពលរដ្ឋដើម្បីរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវការយន្តការត្រឹមត្រូវជាជាងការប្រមូលមនុស្សមកអង្គុយជុំគ្នាតែមួយភ្លែត ដើម្បីស្ដាប់ការលើកឡើងបង្គ្រប់កិច្ច។ លោកបានស្នើឱ្យមានការជ្រើសរើស និងបណ្តុះបណ្តាល «អ្នកតំណាងពិតប្រាកដ» នៃក្រុមគោលដៅនីមួយៗ (ដូចជាតំណាងជនចាស់ជរា ឬជនមានពិការភាពជាដើម) ឱ្យយល់ដឹងទាំងតម្រូវការរបស់ក្រុមខ្លួន និងយល់ដឹងពី «ដំណើរការ និងនីតិវិធីនៃការរៀបចំថវិកា» របស់រាជរដ្ឋាភិបាល។ ការធ្វើបែបនេះ នឹងជួយឱ្យតំណាងប្រជាពលរដ្ឋមានសមត្ថភាព និងឆន្ទៈក្នុងការជជែកដេញដោលស្នើសុំកញ្ចប់ថវិកាឆ្លើយតបចំគោលដៅ និងទាន់ពេលវេលាតាមនីតិវិធីច្បាប់កំណត់៕

លោក ផាន់ ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Share.