រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប បានឈានដល់ការព្រមព្រៀងថ្មីមួយក្នុងការរៀបចំសំណើ​សុំកែ​សម្រួល​ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនដី។

ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំងពីរ។

ការកែសម្រួលព្រំប្រទល់មូដ្ឋាននេះធ្វើឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យប្រជាជន និងជួយឱ្យអាជ្ញាធរមូលដ្ឋានអាចផ្តល់សេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់បានឆាប់រហ័ស និងមានប្រសិទ្ធភាពជាងមុន។

មួយវិញទៀតជាការអនុវត្តស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងដែនដីកាន់តែមានភាពច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែងនៅលើដី។

សូមជម្រាបថា មុនឈានដល់ការចុះហត្ថលេខានេះ រដ្ឋបាលខេត្តទាំងពីរបានចុះសិក្សា ពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងរួមគ្នា ព្រមទាំងបានបើកការប្រជុំពិភាក្សាដោយផ្អែកលើគោលការណ៍ច្បាប់ និងបច្ចេកទេសយ៉ាងម៉ត់ចត់ រហូតសម្រេចបានកិច្ចព្រមព្រៀងរួមគ្នា។

ការសម្រេចចិត្តរួមគ្នារវាងថ្នាក់ដឹកនាំខេត្តទាំងពីរនាពេលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមជូនប្រជាពលរដ្ឋ និងពង្រឹងសុវត្ថិភាព ស្ថិរភាពក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រជាប្រិយភាព និងប្រសិទ្ធភាពខ្ពស់៕

Share.