ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីរួមជាមួយបក្ខពួក២នាក់ទៀត ដើរធ្វើសកម្មភាពកាច់ និងលួចបង្គោលចម្រឹងដែកនៅមុខផ្ទះប្រជាពលរដ្ឋ ដែលម្ចាស់មិននៅ ដើម្បីយកទៅលក់ជាអេតចាយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ង៉ោ ចាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច ជនសង្ស័យ និងបក្ខពួក បានជ្រើសរើសផ្ទះប្រជាពលរដ្ឋដែលម្ចាស់មិននៅ ហើយធ្វើសកម្មភាពកាច់បង្គោលចម្រឹងដែកដែលដាក់នៅមុខផ្ទះ រួចយកទៅលក់ឱ្យកន្លែងទទួលទិញអេតចាយ។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ខណៈបក្ខពួក២នាក់ទៀតកំពុងត្រូវបានសមត្ថកិច្ចស្វែងរក៕
