
ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ជីវភាពរស់នៅរបស់កងកម្លាំងនគរបាលដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានផ្ចើមគំនិតរៀបចំស្រះចិញ្ចឹមត្រីលក្ខណៈធម្មជាតិមួយកន្លែង ដើម្បីផ្គត់ផ្គង់អាហារចំនួន ២ពេល ជូនដល់កងកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលទាំង៧ ក្នុងមូលដ្ឋាន។
ស្រះនេះមានទំហំ បណ្តោយ ២៧ម៉ែត្រ ទទឹង ១០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ដោយរៀបចំចិញ្ចឹមពូជត្រីចំនួន ៥ ប្រភេទ រួមមាន ត្រីទីឡាព្យាក្រហម ត្រីប្រា ត្រីឆ្ពិន ត្រីកាបឥណ្ឌា និងត្រីអណ្តែង។ គម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពី លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងមានការចូលរួមឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅមូលដ្ឋាន តាមរយៈ QR Code គណនីធនាគាររួមរបស់អធិការដ្ឋាន។

យ៉ាងណាមិញការបង្កើតប្រភពស្បៀងអាហារធម្មជាតិនេះ នឹងជួយផ្គត់ផ្គង់អាហារប្រចាំថ្ងៃចំនួន ២ពេល ដល់មន្ត្រីនគរបាលដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់កងកម្លាំងផងដែរ។
បន្ទាប់ពីកាយស្តាររួចរាល់ គណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំអធិការដ្ឋាន និងសប្បុរសជន បានអញ្ជើញចូលរួមក្នុងពិធីប្រលែងកូនត្រីជាផ្លូវការ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម។

ក្នុងនោះ ថ្នាក់ដឹកនាំ និងកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនាពេលកន្លងមក ហើយស្មារតីសាមគ្គីភាពនេះ គឺជាកម្លាំងចិត្តយ៉ាងស្វាហាប់សម្រាប់មន្ត្រីគ្រប់រូបក្នុងការបន្តបម្រើជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើង៕
