សៀមរាប ៖ ជនសង្ស័យ២នាក់សកម្មលួចម៉ូតូ ធ្លាប់ជាប់ពន្ធនាគារ ចេញមកវិញមិនរាងចាល ដើរធ្វើសកម្មភាពលួចដដែល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនសារជាថ្មី កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1JC-1170 ជារបស់ជនរងគ្រោះឈ្មោះ ក.ស.ហ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យលួចម៉ូតូជនរងគ្រោះបានហើយ យកទៅដោះដូរគ្រឿង ដោះស្លាកលេខ នៅចំណុចក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង ។ ជនសង្ស័យបានសារភាពថា បន្ទាប់ចេញពីពន្ធនាគារ ធ្វើសកម្មភាពលួចម៉ូតូបានសម្រេចចំនួន២លើក ។ ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននាំយកទៅស្នងការខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

