ការចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំជាប្រវត្តិសាស្ត្រនៅសិង្ហបុរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មិនត្រឹមតែជាការបើកទំព័រថ្មីនៃវិវាទដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីវោហាសាស្ត្រ និងជំហរផ្ទុយគ្នា៖ កម្ពុជាបន្តផ្ញើសេចក្តីសង្ឃឹមលើច្បាប់អន្តរជាតិ ខណៈថៃនៅតែប្រកាន់យកជំហរទ្វេភាគីនិយម និងព្យាយាមបោះដែនកំណត់សមត្ថកិច្ចលើគណៈកម្មការអន្តរជាតិ។

យោងតាមសេចក្ដីថ្លែងការណ៍ចំពោះមុខគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) កាលពីព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាក់ឱ្យដឹងថា យន្តការផ្សះផ្សាដោយបង្ខំនេះ ពុំមែនជាបំណង និងជាជម្រើសរបស់ភាគីថៃនោះទេ។ ភាគីថៃចង់ប្រើវិធីសាស្ត្រតាមផ្លូវទូត និងការជួបចរចាផ្ទាល់ទ្វេភាគី ដែលមានភាពជាក់ស្ដែងលើបញ្ហាព្រំដែនសមុទ្រ។
ខុសពីថៃ ភាគីកម្ពុជាមិនចង់មានការចរចាទ្វេភាគីណាមួយជាមួយថៃឡើយ ត្បិតថៃបានដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MoU 2001) ទៅហើយ ដែលកម្ពុជាចាត់ទុកថាជាឯកសារគតិយុត្តគន្លឹះដ៏សំខាន់ សម្រាប់ការពារកុំឱ្យមានវិសមភាពលើតុចរចា ពោលគឺទប់ស្កាត់ការប្រើប្រាស់អំណាចរបស់ថៃដើម្បីកេងចំណេញផលប្រយោជន៍។ បើទោះបីជាច្បាប់សមុទ្របានផ្ដល់ជម្រើសជាច្រើន រួមមានទាំងការចរចាទ្វេភាគីរវាងរដ្ឋនិងរដ្ឋដែលមានវិវាទក៏ដោយ ប៉ុន្តែថៃអាចនឹងប្រើមូលហេតុនានាគេចវេសមិនចូលតុចរចា ដើម្បីដាក់សម្ពាធលើកម្ពុជា ហើយច្បាប់នេះមិនមានប្រសិទ្ធភាពពេញលេញ សម្រាប់ការពារភាគីរដ្ឋដែលទន់ខ្សោយជាងនោះទេ។ ម្ល៉ោះហើយ កម្ពុជាគ្មានជម្រើសណាមួយដែលល្អប្រសើរជាង ការដើរឆ្ពោះត្រង់ទៅរកយន្តការផ្សះផ្សាដោយបង្ខំនេះឡើយ។
ថ្លែងនៅចំពោះមុខគណៈកម្មការផ្សះផ្សាដោយបង្ខំ តំណាងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីស្វែងរកសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការនេះថា ជាមធ្យោបាយមួយសម្រាប់ស្ដារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះទេ។
តាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ឯកឧត្តម ស៊ីហាសាក់ ហាក់ឆ្លៀតកេងចំណេញលើវោហាសាស្ត្រ ដោយបានលើកឡើងថា ថៃបានណែនាំ ឬផ្ដល់ជម្រើសជាច្រើនក្រៅពីយន្តការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីខ្លួនបានដកខ្លួនជាឯកតោភាគីពី MoU 2001 ប៉ុន្តែកម្ពុជាមិនព្រមជ្រើសរើសជម្រើសដែលភាគីថៃណែនាំ បែរជាចង់ស្វែងរកដំណោះស្រាយដែលមានការចូលរួមពីភាគីទី៣ តាមតែចិត្តខ្លួនឯងទៅវិញ។
បើទោះបីជាតំណាងខាងភាគីថៃ បានអះអាងជាឱឡារិកថា ខ្លួនប្ដេជ្ញាចិត្តចូលរួមដំណើរការផ្សះផ្សាដោយបង្ខំ ដោយស្ម័គ្រស្មោះអស់ពីចិត្ត ក្នុងស្មារតីស្វែងរកដំណោះស្រាយដោយសន្តិភាព និងគោរពច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែភាគីថៃបានវាស់វែងដែនសមត្ថកិច្ចទុកជាមុន ឱ្យគណៈកម្មការអន្តរជាតិមួយនេះធ្វើការរួចជាស្រេចទៅហើយ។ ការកំណត់ដែនសមត្ថកិច្ចនេះ គឺសំដៅដល់វោហាសាស្ត្ររបស់ឯកឧត្តម ស៊ីហាសាក់ ដែលបានពោលទៅកាន់ប្រធានគណៈកម្មការថា លោកស្រីប្រធាន ត្រូវតែកំណត់ឱ្យច្បាស់លាស់អំពីវិសាលភាពនៃកម្មវត្ថុនៅចំពោះមុខគណៈកម្មការ។ លោកអះអាងថា វិសាលភាពនៃនីតិវិធីនេះ ពាក់ព័ន្ធតែលើការខណ្ឌសីមាព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា នៅក្នុងឈូងសមុទ្រថៃតែប៉ុណ្ណោះ ហើយលោកបញ្ជាក់ច្បាស់ៗថា ការសម្រុះសម្រួលនេះ មិនពាក់ព័ន្ធនឹងអធិបតេយ្យលើដែនដីគោក រាប់បញ្ចូលទាំងកោះគុត នោះឡើយ។
វោហាសាស្ត្រដ៏ព្រហើនរបស់តំណាងភាគីថៃ ហាក់កំពុងទូន្មានប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់អន្តរជាតិស្ដីពីនីតិសមុទ្រ ដែលមានឋានៈស្មើនឹងចៅក្រម ឱ្យរៀនច្បាប់ម្ដងទៀតមុននឹងសម្រេចក្ដី។
ដោយឡែក កម្ពុជាក៏បានប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មការផ្សះផ្សា មិនខុសគ្នាពីភាគីថៃនោះទេ ប៉ុន្តែវោហាសាស្ត្ររបស់តំណាងកម្ពុជា ហាក់ផ្ដល់តម្លៃ និងទំនុកចិត្តលើយន្តការដោះស្រាយវិវាទអន្តរជាតិនានា ដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។ ជាក់ស្ដែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា កម្ពុជាមានជំនឿទុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្ដុង្គឧត្ដម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបានលទ្ធផលផ្សះផ្សាប្រកបដោយផ្លែផ្កា ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់របស់យើង។
ស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់ និងការធ្លាប់ទទួលស្គាល់នូវតំបន់សមុទ្រត្រួតស៊ីគ្នារាប់ទសវត្សរ៍កន្លងមកនេះ ថៃបានបោះពាក្យយ៉ាងដាច់ណាត់ថា ប្រទេសថៃអះអាងជាថ្មីនូវជំហរព្រំដែនសមុទ្ររបស់ខ្លួន ដូចដែលបានបង្ហាញនៅក្នុងព្រះរាជក្រឹត្យកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៣។ ចំណែកឯភាគីកម្ពុជា អះអាងតែពីការជឿទុកចិត្ត និងត្រៀមខ្លួនទទួលយកលទ្ធផលនៃការផ្សះផ្សាប៉ុណ្ណោះ។ ទំនងជាភាគីកម្ពុជាយល់ថា វេទិកានេះមិនទាន់ជាវេទិកាដែលត្រូវអះអាងអំពីដែនអធិបតេយ្យនោះទេ ហើយទោះបីជាខំបញ្ជាក់ជំហរមាំដូចភ្នំ ក៏ពុំមានប្រយោជន៍ឡើយ ផ្ទុយទៅវិញវាអាចនាំឱ្យមានបញ្ហាកាន់តែច្រើន។
ឃ្លាមួយ ដែលឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ បានបង្ហើរនៅខាងដើមនៃសេចក្ដីសន្និដ្ឋានរបស់លោកគឺ៖ «នៅពេលដែលយើងចាប់ផ្តើមដំណើរការនីតិវិធីនាថ្ងៃនេះ យើងត្រូវតែយល់ដឹងថា តើករណីនេះនឹងវិវត្តទៅមុខយ៉ាងដូចម្តេច ហើយលទ្ធផលនៃដំណើរការផ្សះផ្សានេះ នឹងមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងនាអនាគតរវាងថៃ និងកម្ពុជា។»
តើនេះជាការព្រមានទុកមុន ឬយ៉ាងណា?
ចំពោះកម្ពុជា មានទស្សនទានខុសពីថៃ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញក្នុងសេចក្ដីថ្លែងការណ៍របស់លោក នូវប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «កម្ពុជា ក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដំណោះស្រាយនេះនឹងការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជា និងថៃទៀតផង។»
យោងតាមសេចក្ដីថ្លែងការណ៍របស់ភាគីថៃ ថៃហាក់បារម្ភទុកជាមុនអំពីផ្នត់គំនិត ចាញ់-ឈ្នះ បន្ទាប់ពីដំណើរការនីតិវិធីត្រូវបានបញ្ចប់ ហើយលទ្ធផលមិនដូចការរំពឹងទុក។ ដូចដែលឯកឧត្តម ស៊ីហាសាក់ បានលើកឡើងថា កុំចាត់ទុកដំណើរការផ្សះផ្សានេះ ជាការប្រកួតប្រជែងការទូតយកឈ្នះចាញ់ឱ្យសោះ។
ងាកទៅមើលភាគីកម្ពុជា ហាក់មានភាពជឿជាក់ជាង ដោយសេចក្ដីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន បានឆ្លុះបញ្ចាំងអំពីក្ដីរំពឹងរបស់កម្ពុជាលើដំណើរការនេះយ៉ាងច្បាស់លាស់៖ ទី១. សម្រេចឲ្យបាននូវសន្ធិសញ្ញាជាមួយភាគីថៃ ស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្ររួមមួយរវាងរដ្ឋទាំងពីរ។ ទី២. ក្នុងករណីមិនទាន់អាចឈានដល់ការខណ្ឌសីមាព្រំដែនសមុទ្រ ភាគីកម្ពុជាត្រៀមខ្លួនក្នុងការចុះកិច្ចព្រមព្រៀងជាមួយភាគីថៃ ស្តីពីការអភិវឌ្ឍរួមគ្នា និងការបែងចែកផលប្រយោជន៍ធនធានដោយសមធម៌ រវាងរដ្ឋទាំងពីរជាបណ្តោះអាសន្ន រហូតដល់មានកិច្ចព្រមព្រៀងព្រំដែនសមុទ្រជាស្ថាពរ។ ទី៣. ប្រសិនជានៅតែមិនអាចសម្រេចបានទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ ឬកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមទេនោះ ភាគីកម្ពុជានឹងស្នើឲ្យគណៈកម្មការផ្សះផ្សា រៀបចំរបាយការណ៍មួយដែលមានអនុសាសន៍ជូនភាគីទាំងពីរ ដើម្បីជាមូលដ្ឋានក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងនាពេលអនាគត ស្របតាមកាតព្វកិច្ចក្រោមអនុសញ្ញា UNCLOS។
សូមជម្រាបថា កិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះបានអនុញ្ញាតឱ្យតំណាងភាគីទាំងពីរ ឡើងថ្លែងការណ៍បញ្ជាក់ពីការប្ដេជ្ញាចិត្តរៀងខ្លួន។ តំណាងភាគីកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំណែកភាគីថៃ គឺឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ៕

