
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងដាច់អហង្ការ និងបដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ពីសំណាក់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចោទប្រកាន់ទាំងបំពានថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណធ្វើជាមូលដ្ឋានយោធា។
ក្រសួងវប្បធម៌កម្ពុជា បានចាត់ទុកការលើកឡើងរបស់មន្ត្រីថៃទាំងនោះថា គឺជាចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មាន គេចវេះមិនទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរ និងជាការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនជាតិ និងអន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាប្រទេសដែលមានអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ព្រមទាំងជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ (ព្រមទាំងពិធីសារទាំងពីរ) និងអនុសញ្ញាយូណេស្កូ ឆ្នាំ១៩៧២ កម្ពុជាតែងតែប្រកាន់ជំហរដាច់ខាតប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។ គ្រប់ទីតាំងបេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេស ទទួលបានអាទិភាពខ្ពស់បំផុតក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ ការអប់រំ សាសនា និងទេសចរណ៍។ កម្ពុជាមិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌ឡើយ ហើយក៏ពុំដែលមានទីតាំងបេតិកភណ្ឌណាមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះដែរ។

ផ្ទុយទៅវិញ ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជានាពេលកន្លងមក បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទបុរាណ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅជម្រៅប្រហែល ៧០គីឡូម៉ែត្រពីព្រំដែន) និងតំបន់បុរាណវិទ្យាជាច្រើនទៀត។
បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ត្រូវបានអាជ្ញាធរថៃកាន់កាប់ដោយខុសច្បាប់ និងកំពុងព្យាយាមប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) ព្រមទាំងប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយដើម្បីយកទីតាំងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ វត្ថុបុរាណខ្មែរជាច្រើនត្រូវបានអាជ្ញាធរថៃប្រមូល និងរៀបចំយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជា។
កម្ពុជាប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពឯកតោភាគីរបស់ថៃ នៅប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដោយរួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ការរៀបចំប្រឹត្តិការណ៍ទេសចរណ៍ សាសនា និងគម្រោងជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា ដែលទង្វើទាំងនេះជាចេតនាពង្រឹងការកាន់កាប់ដែនដីដោយខុសច្បាប់ និងផ្ទុយស្រឡះពីច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍ក៏បានរំលឹកពីសោកនាដកម្មធ្ងន់ធ្ងរដែលប្រាសាទព្រះវិហារបានជួបប្រទះ ពីការបាញ់បំផ្លាញដោយអាវុធធន់ធ្ងន់របស់យោធាថៃ ក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ (ដែលមានវីដេអូ និងភស្តុតាងច្បាស់លាស់)។ ការវាយប្រហារដោយមិនរើសគោលដៅរបស់យោធាថៃ បានបណ្តាលឱ្យ ៥៦២ ទីតាំងត្រូវរងការខូចខាត បំផ្លាញថ្មប្រាសាទខ្ទេចខ្ទីជាង ៧ម៉ឺនបំណែក បំផ្លាញចោលទាំងស្រុងនូវលទ្ធផលនៃការស្តារប្រាសាទឡើងវិញរបស់អន្តរជាតិជាង ១០ឆ្នាំ និងបានបង្ខំឱ្យប្រជាពលរដ្ឋជាង ១៦.០០០នាក់ ត្រូវភៀសខ្លួនពីតំបន់បេតិកភណ្ឌ។

ចំពោះមុខការរំលោភបំពានទាំងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានប្រកាសជំហរទាមទារយ៉ាងម៉ឺងម៉ាត់ចំនួន ៣ ចំណុច៖
១. ទាមទារឱ្យថៃដកទ័ព៖ កម្ពុជាបន្តថ្កោលទោសចំពោះការគ្រប់គ្រង និងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់តាមរយៈកម្លាំងប្រដាប់អាវុធ និងទាមទារឱ្យថៃដកទ័ពចេញពីតំបន់បេតិកភណ្ឌជាបន្ទាន់ ជាពិសេសកម្លាំងដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
២. ទាមទារប្រគល់វត្ថុបុរាណមកវិញ៖ កម្ពុជាទាមទារឱ្យភាគីថៃប្រគល់មកឱ្យកម្ពុជាវិញជាបន្ទាន់នូវរាល់វត្ថុបុរាណដែលបានលួចប្រមូល និងយកចេញពីប្រាសាទខ្នារទៅកាន់ប្រទេសថៃ។
៣. គោរពច្បាប់អន្តរជាតិ និងងាកមកចរចា៖ កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិ អនុសញ្ញានានា បញ្ឈប់ការប្រើយោធា និងបញ្ឈប់សកម្មភាពបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្ដែង ដើម្បីកាន់កាប់ដី ហើយត្រូវងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ពិសេសគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់សារជាថ្មីថា គ្រប់ទីតាំងបេតិកភណ្ឌវប្បធម៌ មិនមែនជាមូលដ្ឋានយោធា និងមិនត្រូវប្រែក្លាយជាទីតាំងយោធាដាច់ខាត ហើយកម្ពុជានឹងបន្តការពារកេរតំណែលដូនតា ព្រមទាំងថ្កោលទោសដាច់ខាតចំពោះអំពើបាញ់បំផ្លាញ និងការរំលោភបំពានទាំងឡាយណាដែលផ្ទុយនឹងច្បាប់អន្តរជាតិ៕
