កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានសម្រេចផ្តល់ថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជាលើកទី២ ដល់សមាគមកាកបាទក្រហមចិន ដើម្បីចូលរួមគាំទ្រប្រតិបត្តិការឆ្លើយតប និងជួយប្រជាជនដែលកំពុងរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនៅប្រទេសចិន។ ការផ្តល់ជំនួយនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

 ពិធីប្រគល់-ទទួលលជានិមិត្តរូបនេះ ប្រព្រឹត្តទៅស្ថានទូតចិន ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ ចំណែកឯ ការផ្ទេរថវិកានឹងដំណើរការទៅតាមនិតីវិធីនៃប្រព័ន្ធធនាគារ។ ការផ្តល់ជំនួយលើកនេះ គឺជាលើកទី២ក្នុងឆ្នាំ២០២៦ ដែលកាកបាទក្រហមកម្ពុជាផ្តល់ថវិកាចំនួន១០ម៉ឺនដុល្លារអាម៉េរិកដល់សមាគមកាកបាទក្រហមចិន ខណៈការផ្តល់ជំនួយលើកទី១ ត្រូវបានធ្វើឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៦។ ក្រៅពីជំនួយទៅកាន់ប្រទេសចិន កាកបាទក្រហមកម្ពុជាក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិនផងដែរ។ 

ក្នុងឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បាននាំយកការសួរសុខទុក្ខ និងមនោសញ្ចេតនាពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាជនចិនដែលកំពុងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ លោកជំទាវបានបញ្ជាក់ថា ទោះបីថវិកាជំនួយមានចំនួនមិនច្រើនក៏ដោយ ប៉ុន្តែការផ្តល់ជំនួយនេះ គឺជាការចែករំលែកទុក្ខលំបាកយ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាជនចិន។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងលើកឡើងថា ក្នុងរយៈពេលត្រឹមតែជាងពីរខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភដល់ប្រជាជនចិនរហូតដល់ ២លើក។

លោកបានបញ្ជាក់ថា ជំនួយលើកទី១ ត្រូវបានសមាគមកាកបាទក្រហមចិនផ្សព្វផ្សាយជាសាធារណៈនៅប្រទេសចិន និងទទួលបានការកោតសរសើរ និងការគាំទ្រពីសាធារណជនចិន។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកពីសកម្មភាពមនុស្សធម៌របស់ស្ថានទូតចិននៅកម្ពុជា ដែលកន្លងមកបានចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាចវិការផ្ទាល់ខ្លួនបន្តិចបន្ទួច (៣ម៉ឺនរៀលក្នុងមួយគ្រួសារ)  ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តត្បូងឃ្មុំ ដោយឯកឧត្តមបានលើកឡើងថា តម្លៃសំខាន់នៃជំនួយមិនស្ថិតនៅលើទំហំទឹកប្រាក់តែមួយមុខទេ ប៉ុន្តែស្ថិតនៅលើទឹកចិត្ត និងការជួយយកអាសាគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។ ក្រៅពីការផ្តល់ជំនួយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីកាកបាទក្រហមកម្ពុជាលើវិជ្ជាសង្គ្រោះបឋម។

សំណើនេះធ្វើឡើងដោយសារកាកបាទក្រហមកម្ពុជាមានបណ្តាញការងារវិជ្ជាសង្គ្រោះបឋមនៅទូទាំង២៥ រាជធានី-ខេត្ត និងកំពុងចូលរួមផ្សព្វផ្សាយ និងបណ្តុះបណ្តាលជំនាញសង្គ្រោះបឋមជូនប្រជាពលរដ្ឋ។ ជុំវិញការស្នើរសុំនេះ ឯកឧត្តមអគ្គរដ្ឋទូតបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងរីករាយក្នុងការជួយសម្របសម្រួលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះលេចចេញជាផ្លែផ្កា។

ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូតចិន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា ស្ថានទូតចិនតែងតែរង់ចាំជួយ និងសហការជាមួយកាកបាទក្រហមកម្ពុជាជានិច្ច ហើយរាល់សេចក្តីត្រូវការចាំបាច់ទាំងឡាយណាដែលកាកបាទក្រហមកម្ពុជាស្នើសុំ ស្ថានទូតចិននឹងខិតខំប្រឹងប្រែងចែករំលែក និងជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

Share.