
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង ក្នុងឱកាសដែលរូបលោកដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនភាគីបារាំងយ៉ាងលម្អិតអំពីសភាពការណ៍ជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ឡើងវិញនូវជំហរដាច់ខាតរបស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះថា «ខ្សែព្រំដែនមិនអាចត្រូវកែប្រែដោយការប្រើប្រាស់កម្លាំងយោធានោះឡើយ»។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ដែលតែងតែគាំទ្របទឈប់បាញ់ និងជំរុញកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានរំលឹកពីតួនាទីប្រវត្តិសាស្ត្រដ៏សំខាន់របស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាំងពីសន្និសីទក្រុងប៉ារីស ឆ្នាំ១៩៩១ មកម្ល៉េះ។
ជំនួបនេះក៏បានផ្តោតលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន សន្តិសុខសាយប័រ ការប្រឆាំងបទល្មើសឆ្លងដែន ការងារមនុស្សធម៌-សង្គ្រោះគ្រោះមហន្តរាយ និងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UN) ផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានបច្ចុប្បន្នភាពជុំវិញសភាពការណ៍ព្រំដែន ហើយបានអះអាងថានឹងពាំនាំព័ត៌មានទាំងនេះទៅជូនក្រសួងការពារជាតិបារាំង។ លោកក៏បានកោតសរសើរខ្ពស់ចំពោះសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមយោធាកម្ពុជា ដែលបានទៅសិក្សានៅបារាំង។
ភាគីទាំងពីរក៏បានសម្តែងក្តីរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មកកាន់កម្ពុជានាពេលខាងមុខ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងបារាំង ឆ្ពោះទៅជា «ដៃគូយុទ្ធសាស្ត្រ» នាពេលអនាគត៕
