អាជ្ញាធរឧតុនិយមវៀតណាមបានប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងហានិភ័យបាក់ដីនៅតាមខេត្ត-ក្រុងចំនួន ១៣ ចំពេលដែលព្រះមហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ និងព្រះអគ្គមហេសី កំពុងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម ដើម្បីអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម និងជលសាស្ត្រវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់យប់ថ្ងៃទី ១៥ ខែកញ្ញា តំបន់ភាគខាងត្បូងនៃវាលទំនាបទន្លេក្រហម (Red River Delta) ភាគខាងត្បូងខេត្ត ភូថោះ (Phu Tho) និងតំបន់ចាប់ពីខេត្ត ថាញ់ហ័រ (Thanh Hoa) ដល់ខេត្ត ង៉ែអាន (Nghe An) ត្រូវ បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងមែនទែន ព្រមទាំងមានផ្គររន្ទះ។ បរិមាណទឹកភ្លៀងត្រូវបានរំពឹងថានឹងមានចន្លោះពី ១៥០ ដល់ ៣០០ មីលីម៉ែត្រ ហើយកន្លែងខ្លះអាចមានភ្លៀងធ្លាក់លើសពី ៤៥០ មីលីម៉ែត្រ។

ដោយឡែក ផ្នែកផ្សេងទៀតនៃវាលទំនាបទន្លេក្រហម និងខេត្ត ហាទិញ (Ha Tinh) មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ដោយមានបរិមាណទឹកភ្លៀងជាទូទៅពី ១០០ ដល់ ១៨០ មីលីម៉ែត្រ និងកន្លែងខ្លះអាចលើសពី ២៥០ មីលីម៉ែត្រ។

ចំណែកតំបន់ពាក់កណ្តាលភ្នំភាគខាងជើង (Northern Midlands) ភាគខាងជើងខេត្តភូថោះ និងភាគខាងត្បូងនៃខេត្ត ទ្វៀនក្វាង (Tuyen Quang), ឡាវកាយ (Lao Cai) និង សឺនឡា (Son La) បរិមាណទឹកភ្លៀងអាចមានពី ៥០ ដល់ ១០០ មីលីម៉ែត្រ ហើយកន្លែងខ្លះអាចលើសពី ១៥០ មីលីម៉ែត្រ។

សម្រាប់ថ្ងៃទី ១៦ ខែកញ្ញា ភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតែបន្តកើតមាននៅទូទាំងតំបន់ភាគខាងជើង និងភាគកណ្ដាល ដោយមានបរិមាណទឹកភ្លៀងចន្លោះពី ២០ ដល់ ៤០ មីលីម៉ែត្រ និងកន្លែងខ្លះអាចលើសពី ៧០ មីលីម៉ែត្រ។

អាជ្ញាធរវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមតំបន់ប្រឈម តាមដានព័ត៌មានព្យាករណ៍ធាតុអាកាសជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ទឹកជំនន់ឆាប់រហ័ស ការបាក់ដី និងផលប៉ះពាល់ដល់ការធ្វើដំណើរ៕

ប្រភព៖ Vietnam net

Share.