ទីក្រុងឡាអេ៖ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នាទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសវនាការរៀបចំកិច្ចការបច្ចេកទេស និងកំណត់នីតិវិធី ជុំវិញបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក ឌូទើតេ វ័យ ៨១ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនតែតាមវីដេអូប៉ុណ្ណោះ ចាប់តាំងពីត្រូវចាប់ខ្លួនក្នុងខែមីនា ឆ្នាំ២០២៥ បានអង្គុយស្តាប់ការកាត់ក្តីរយៈពេល ១ម៉ោងនិង១៥នាទី ដោយមិនបានឆ្លើយតបអ្វីឡើយ។ លោកប្រឈមមុខនឹងបទចោទប្រកាន់ចំនួន ៣ករណី ពាក់ព័ន្ធនឹងការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងយុទ្ធនាការ «ប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្នុងអាណត្តិរបស់លោក។

ក្នុងសវនាការនេះ ក្រុមមេធាវីការពារក្តីបានស្នើសុំពន្យារពេល និងស្ដាប់ការតតាំងផ្លូវច្បាប់ ពាក់ព័ន្ធនឹងស្ថានភាពសុខភាព ព្រមទាំងសមត្ថភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោក ថាតើអាចចូលរួមក្នុងដំណើរការជម្រះក្តីបានដែរឬទេ។ ទោះជាយ៉ាងណា ចៅក្រម Joanna Korner បានចោទសួរលើការដាក់ភស្តុតាងជាន់គ្នាជាច្រើន និងបានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា ជាថ្ងៃចាប់ផ្តើមសវនាការជំនុំជម្រះផ្លូវការ។

ការបង្ហាញខ្លួនដោយផ្ទាល់របស់លោក ឌូទើតេ នាពេលនេះ បានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះក្នុងប្រទេសហ្វីលីពីន បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរការស្វែងរកយុត្តិធម៌នឹងត្រូវពន្លឿន។ គួររំលឹកផងដែរថា លោក រ៉ូឌ្រីហ្គូ ឌូទើតេ គឺជាអតីតប្រមុខរដ្ឋនៅក្នុងតំបន់អាស៊ីដំបូងគេបង្អស់ ដែលត្រូវឡើងសវនាការជម្រះក្តីនៅតុលាការ ICC៕

ប្រភព៖ CNA

Share.