រថយន្តចំនួន២គ្រឿងបានរងការខូចខាត បន្ទាប់ពីរោងដែកសម្រាប់តាំងលំអរមួយកន្លែងនៅខាងមុខវត្តភ្នំ ត្រូវបានបាក់រលំដោយសារភ្លៀងលាយឡំជាមួយខ្យល់ខ្លាំង កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦កាលពីវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាច តាមបណ្តោយផ្លូវព្រះនរោត្តម ខាងមុខវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកំពុងមានភ្លៀងធ្លាក់ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្តាលឱ្យរោងដែកតាំងលំអរបាក់រលំចុះមកលើរថយន្តដែលកំពុងចតនៅក្បែរនោះចំនួន២គ្រឿង បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ ក្រុមជាងជំនាញបានចុះកាត់ និងរុះរើដែកដែលបាក់រលំ ដើម្បីយករថយន្តទាំងពីរចេញពីក្រោមរោងដែក និងបើកផ្លូវឱ្យមានសុវត្ថិភាពឡើងវិញ។ រថយន្តដែលខូចខាត ត្រូវបានប្រគល់ជូនម្ចាស់ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ខណៈដែកដែលនៅសេសសល់ ត្រូវបានបន្តរុះរើ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀត៕

អត្ថបទ៖ ត្រយងតូច

Share.