នាថ្ងៃទី១៧ ខែកញ្ញា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះខ្លឹមសាររម្លឹកឡើងវិញទាក់ទងនឹងការបង្ហោះសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយកាលពីកន្លងទៅថា ថ្នាក់ដឹកនាំកម្ពុជា និងថៃ បានព្រមព្រៀងគ្នាបញ្ចប់ការបាញ់ប្រហារគ្នាទាំងស្រុង ដោយមានប្រសិទ្ធភាពចាប់ពីល្ងាចនេះតទៅ បន្ទាប់ពីមានជំនួបពិភាក្សាតាមទូរស័ព្ទរវាងភាគីពាក់ព័ន្ធ។

យ៉ាងណាម៉ិញ ការបង្ហោះសាររម្លឹកឡើងវិញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នាពេលនេះ ស្របពេលដែរភាគីថៃ បានថ្លែងសារចោទប្រកាន់លើកម្ពុជា នៅប្រទេសសិង្ហបុរី។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាកុល ដើម្បីបញ្ចប់ភាពតានតឹងដែលបានផ្ទុះឡើងវិញនាពេលថ្មីៗនេះ។

នៅក្នុងសារដដែលនោះ លោក ត្រាំ បានគូសបញ្ជាក់លើដើមហេតុនៃជម្លោះថា «ការផ្ទុះមីនបណ្ដាលឱ្យទាហានថៃរបួស និងស្លា.ប់ច្រើននាក់នោះ គឺជាឧបទ្ទវហេតុអកុសលប៉ុណ្ណោះ តែថៃឆ្លើយតបលើកម្ពុជាដោយកំរោលទៅវិញ»។

លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើមវិញ ដោយមានការសម្របសម្រួលពីលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

បច្ចុប្បន្ន ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើងវិញ។ វាជាកិត្តិយសរបស់ខ្ញុំ ដែលបានធ្វើការជាមួយលោក អនុទីន និងសម្តេច ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាដែលជិតនឹងឈានទៅរកសង្គ្រាមទ្រង់ទ្រាយធំ រវាងប្រទេសដ៏អស្ចារ្យ និងរុងរឿងទាំងពីរនេះ! ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ជំនួយរបស់លោកលើកិច្ចការដ៏សំខាន់មួយនេះ»៕

Share.