ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បន្តជំរុញការយល់ដឹង និងការចូលរួមរបស់អាជីវករ ប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ក្នុងការថែរក្សាអនាម័យ និងបរិស្ថានសាធារណៈ តាមរយៈសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល។
សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងអាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល សហការជាមួយរដ្ឋបាលសង្កាត់កំបូល សង្កាត់កន្ទោក និងមានការចូលរួមពីតំណាងរោងចក្រថបសាមីត ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករលក់ដូរនៅមុខរោងចក្រ ព្រមទាំងបងប្អូនកម្មករ-កម្មការិនី ឱ្យចូលរួមសហការថែរក្សាអនាម័យ និងបរិស្ថាននៅក្នុងតំបន់។

ក្នុងឱកាសនោះ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ក្នុងការរក្សាអនាម័យសាធារណៈ និងរៀបចំសណ្តាប់ធ្នាប់នៅតាមទីតាំងលក់ដូរ និងតំបន់ជុំវិញរោងចក្រ ជាពិសេស បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយដាក់សំរាមក្នុងធុងសំរាម និងចៀសវាងការបោះចោលសំរាមនៅតាមដងផ្លូវ ឬទីសាធារណៈ ដែលអាចប៉ះពាល់ដល់សោភ័ណភាព និងអនាម័យបរិស្ថាន។
ដោយក្នុងនោះអាជ្ញាធរខណ្ឌកំបូលបានបញ្ជាក់ពីការចាំបាច់នៃកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដើម្បីរួមគ្នារក្សាបរិស្ថានឱ្យបានស្អាត និងមានសណ្តាប់ធ្នាប់។ ជាពិសេស តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានសកម្មភាពធ្វើដំណើរ និងប្រកបអាជីវកម្មជាប្រចាំ តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការទុកដាក់សំរាម និងរក្សាអនាម័យជុំវិញទីតាំងរស់នៅ និងប្រកបការងារ។ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងកម្មករ-កម្មការិនីទាំងអស់ ឱ្យចូលរួមស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយអនុវត្តការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសណ្តាប់ធ្នាប់ និងអនាម័យនៅតាមទីសាធារណៈ។

អាជ្ញាធរខណ្ឌកំបូលបានបន្តជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចាប់ផ្តើមពីការយកចិត្តទុកដាក់លើបរិស្ថាននៅជុំវិញខ្លួន ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពមូលដ្ឋាន បង្កើតបរិយាកាសរស់នៅ និងប្រកបការងារដែលមានអនាម័យ ព្រមទាំងការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទាំងអស់៕
អត្ថបទ៖តាតុងសែនជ័យ

