រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ឱ្យដំណើរការឆាណែល YouTube ផ្ទាល់ខ្លួន ដែលផ្សាយបន្ដផ្ទាល់ ២៤ម៉ោងក្នុង ១សប្ដាហ៍ មានឈ្មោះថា «Trump TV: The Essentials Station» ដែលជាជំហានថ្មីមួយក្នុងការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗរបស់សេតវិមានដោយផ្ទាល់ទៅកាន់សាធារណជន។

ការបើកទំព័រផ្សព្វផ្សាយផ្ទាល់ខ្លួននេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានសម្រេចហាមឃាត់អ្នកសារព័ត៌មានមកពីស្ថាប័នធំៗចំនួន៣ រួមមាន CNN, MS NOW និង Politico មិនឱ្យចូលយកព័ត៌មានក្នុងសេតវិមាន ក្រោមហេតុផលថា ស្ថាប័នទាំងនោះចុះផ្សាយ «ព័ត៌មានក្លែងក្លាយ»។

វិធានការក្តៅគគុកនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមជ្ឈដ្ឋានសារព័ត៌មាន ដោយស្ថាប័នទាំង៣ ដែលត្រូវគេបិទសិទ្ធិ បានរួមគ្នាតតាំងបណ្តឹងប្រឆាំងរដ្ឋបាលលោក ត្រាំ នៅតុលាការសហព័ន្ធ ពីបទរំលោភលើសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានការតវ៉ាតាមផ្លូវច្បាប់។ ជាមួយគ្នានេះ បណ្តាញព័ត៌មានធំៗផ្សេងទៀតដូចជា Fox News, ABC, CBS, NBC និង NPR ក៏បានចេញសេចក្តីថ្លែងការណ៍រួមការពារសេរីភាពសារព័ត៌មាន ហើយបានរួមគ្នាសម្ដែងការតវ៉ាដោយផ្អាកការចែករំលែករូបភាព និងសំឡេងពីព្រឹត្តិការណ៍ក្នុងសេតវិមានជាបណ្តោះអាសន្នផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកនយោបាយខាងបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានរិះគន់ការបង្កើតប៉ុស្ដិ៍ «Trump TV» ថាជាទម្រង់នៃការបង្កើត «ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ» ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសេតវិមាន។
ក្រុមអ្នករិះគន់មើលឃើញថា នេះគឺជាយុទ្ធសាស្ត្រជៀសវាងការសួរដេញដោល ឬការស្ទង់មតិពីអ្នកសារព័ត៌មានឯករាជ្យ ហើយងាកមកគ្រប់គ្រងការនិយាយ និងតម្រង់ទិសព័ត៌មានទៅកាន់សាធារណជនដោយផ្ទាល់តាមតែចិត្តចង់ទៅវិញ៕

ប្រភព៖ NPR

Share.