នៅក្នុងជំនួបកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ទីក្រុងញូវយ៉ក បានក្លាយជាផ្ទាំងទស្សនីយភាពការទូតដ៏លេចធ្លោមួយ នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានយកវេទិកាលំដាប់ពិភពលោកមួយនេះ រំលេចឡើងវិញនូវសារលិខិតថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ចំពោះតួនាទីសម្របសម្រួលការទូតដ៏មានឥទ្ធិពលរបស់លោក ក្នុងការបញ្ឈប់ជម្លោះព្រំដែនកម្ពុជា-ថៃ។

ការលើកឡើងរបស់លោកប្រធានាធិបតីអាម៉េរិក បានស្តែងឱ្យឃើញពីទម្ងន់នៃការទូតកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់យុទ្ធសាស្ត្រការទូតពហុភាគីប្រកបដោយភាពឆ្លាតវៃ រហូតទទួលបានការយកចិត្តទុកដាក់ និងអន្តរាគមន៍ផ្ទាល់ពីមហាអំណាចពិភពលោក។

នៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ និងសម្រង់ប្រសាសន៍ដើមរបស់ថ្នាក់ដឹកនាំកម្ពុជាថា៖ «លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ភាពជារដ្ឋបុរសដ៏វិសេសវិសាលរបស់ប្រធានាធិបតី ត្រាំ ដែលស្តែងឡើងតាមរយៈការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ និងការទប់ស្កាត់សង្គ្រាមបំផ្លិចបំផ្លាញ តាមរយៈការទូតប្រកបដោយទស្សនវិស័យ និងគំនិតច្នៃប្រឌិត ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនាពេលថ្មីៗនេះ ក្នុងតួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ ការអន្តរាគមន៍ទាន់ពេលវេលានេះ មិនត្រឹមតែជួយគេចផុតពីជម្លោះដែលអាចបង្កភាពវិនាសកម្មធ្ងន់ធ្ងរនោះទេ ប៉ុន្តែថែមទាំងមានសារសំខាន់បំផុតក្នុងការទប់ស្កាត់ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន និងបានបើកផ្លូវឆ្ពោះទៅរកការស្តារសន្តិភាពឡើងវិញ»។

ការដែលកម្ពុជាប្រសិទ្ធនាមលោក ដូណាល់ ត្រាំ ថាជា «រដ្ឋបុរស» ដែលមានគតិបណ្ឌិត និងទស្សនវិស័យនយោបាយវែងឆ្ងាយ រួមជាមួយនឹងការដែលលោក ត្រាំ យកសារនេះមកថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ផ្ទាល់ គឺបានឆ្លុះបញ្ចាំងអំពី ភាពជោគជ័យនៃយុទ្ធសាស្ត្រការទូតកម្ពុជា ខណៈកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា ខ្លួនជាប្រទេសស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការទូតកម្រិតកំពូល ដែលអាចទាក់ទាញមហាអំណាចឱ្យចូលរួមជាអាជ្ញាកណ្តាលស្វែងរកសន្តិភាព។

មួយវិញទៀតការណ៍នេះ ក៏បានទម្លាយនូវភាពទាល់ច្រកតាមខ្សែបន្ទាត់ព្រំដែន តាមរយៈការអន្តរាគមន៍ទាន់ពេលវេលានៃបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌនោះ មិនត្រឹមតែបានសង្គ្រោះជីវិតកងទ័ព និងប្រជាពលរដ្ឋស៊ីវិលនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ចៀសតំបន់អាស៊ានទាំងមូលពីសង្គ្រាមទ្រង់ទ្រាយធំ។

សូមជម្រាបថា សារនយោបាយកម្ពុជាដែលត្រូវបានរំលេចដោយប្រធានាធិបតីអាម៉េរិក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បានបង្ហាញឱ្យឃើញថា សំឡេង និងជំហរការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលស្គាល់ និងមានទម្ងន់យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រនយោបាយពិភពលោក។ អ្នកតាមដានព្រឹត្តិការណ៍ជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាឈានមួយជំហានទៀតនៃការកែប្រែប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិ ដែលកម្ពុជាមិនត្រឹមតែជាតួអង្គរងគ្រោះដោយសារជម្លោះនោះទេ ប៉ុន្តែជាតួអង្គសកម្ម និងឆ្លាតវៃក្នុងការប្រើប្រាស់កម្លាំងការទូតពិភពលោក ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនប្រជាជាតិខ្លួន៕

Share.