ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ជាផ្លូវការ ដោយបានកំណត់នូវក្របខ័ណ្ឌ និងយន្តការច្បាស់លាស់ក្នុងការប្រមូល និងជ្រើសរើសយុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចការពារជាតិ។ ផ្អែកលើសារលិខិតអំពាវនាវរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិបានឱ្យដឹងថា ដំណើរការនៃការអនុវត្តដំណាក់កាលដំបូងនេះ គឺតម្រូវឱ្យយុវជនដាក់ពាក្យស្នើសុំដោយស្ម័គ្រចិត្ត មុននឹងឈានទៅដល់នីតិវិធីជ្រើសរើស និងចាត់ចែងតាមកំណត់ច្បាប់។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វិសាលភាពនៃច្បាប់នេះ គឺតម្រូវលើប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ២៥ឆ្នាំ ដោយត្រូវចូលរួមហ្វឹកហាត់រយៈពេល ២ឆ្នាំ។ អំឡុងពេលនៃការធ្វើជំរឿនវិញ គឺត្រូវធ្វើឡើងលើពលរដ្ឋដែលមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ដំណើរការប្រមូលទិន្នន័យជំរឿននឹងប្រព្រឹត្តទៅចាប់ពីដើមខែតុលា រហូតដល់ដំណាច់ខែធ្នូ ជារៀងរាល់ឆ្នាំ តាមរយៈទិន្នន័យពីក្រសួងមហាផ្ទៃ រដ្ឋបាលឃុំ-សង្កាត់ និងការចុះធ្វើជំរឿនផ្ទាល់។
នៅក្នុងការដាក់ពាក្យធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយដាក់ពាក្យនៅថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ សម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សា ឬពលករទេសន្តរប្រវេសន៍នៅក្រៅប្រទេស អនុក្រឹត្យបានអនុញ្ញាតឱ្យស្នើសុំពន្យារពេលបាន ១ឆ្នាំម្តង (រហូតដល់ ៤ដង) ប៉ុន្តែរយៈពេលដែលពន្យារនេះ ត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចវិញ។ នេះមានន័យថា ពលរដ្ឋមិនអាចគេចវេះពីកាតព្វកិច្ចនេះបានឡើយ ហើយការស្នើសុំពន្យារពេលនីមួយៗ ត្រូវមានការបញ្ជាក់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។
យ៉ាងណាមិញនៅក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធិននឹងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន ៤០ម៉ឺនរៀល របបអាហារប្រចាំថ្ងៃ និងអាហារបំប៉នបន្ថែមពេលហ្វឹកហាត់ របបអង្ករ ឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់ផ្សេងៗប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន ការព្យាបាល និងថែទាំសុខភាពពីក្រសួងការពារជាតិ ករណីមានជំងឺ របួស ឬគ្រោះថ្នាក់។ ដោយឡែក ករណីយោធិនពលី ឬទទួលមរណៈភាពក្នុងពេលបំពេញភារកិច្ច នឹងទទួលបានគោលរបបដូចយោធិនអាជីពពលីឋានន្តរសក្តិ «ពលទោ» ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ វិន័យ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមបំពេញភារកិច្ចដ៏មានសារៈសំខាន់មួយនេះសម្រាប់មាតុភូមិ។
គួររំលឹកផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈព្រះរាជក្រមដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ៕

