
ភ្នំពេញ ៖ វេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៨១ បានប្រែប្រួលទៅជាសមរភូមិនយោបាយ និងច្បាប់អន្តរជាតិយ៉ាងក្តៅគគុក រវាងប្រទេសជិតខាងទាំងពីរគឺ កម្ពុជា និងថៃ។ ការឡើងថ្លែងសាររបស់លោក អនុទិន ឆានវីរៈកុល នាយករដ្ឋមន្ត្រីថៃ និងការឆ្លើយតបយ៉ាងមុតមាំប្រកបដោយភស្តុតាង និងទឡ្ហីករណ៍ច្បាប់ពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន តំណាងភាគីកម្ពុជា បានបង្កជាសំណួរយ៉ាងសំខាន់សម្រាប់សហគមន៍អន្តរជាតិថា «តើអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នឹងផ្តល់ទម្ងន់លើជំហររបស់ភាគីមួយណា?»។

ភាសាទន់ភ្លន់របស់ថៃ បានព្យាយាមបង្វែរជម្លោះទៅជាការទូតទ្វេភាគី និងបានប្រកែកផ្ទុយពីទង្វើជាក់ស្ដែងរបស់យោធាខ្លួននៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបិទបាំងភ្នែកអន្តរជាតិ។ នៅក្នុងសន្ទរកថារបស់លោក អនុទិន ឆានវីរៈកុល ភាគីថៃបានប្រើប្រាស់ភាសាទូតបែប «ទន់ភ្លន់ និងស្ថាបនា» ដោយផ្តោតលើពាក្យ «ការកសាងទំនុកចិត្ត» «ស្មារតីអាស៊ាន» និងការអំពាវនាវឱ្យមានការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN។
ទោះជាយ៉ាងណាក៏ដោយ នៅក្រោមសំបកក្រៅនៃសារទូតនេះ ថៃបានសម្តែងនូវការមិនពេញចិត្តយ៉ាងច្បាស់ចំពោះការដែលកម្ពុជា ប្រើប្រាស់យន្តការអន្តរជាតិក្នុងការដោះស្រាយវិវាទ ។ លោក អនុទិន បានសម្តែងការសោកស្តាយដែលកម្ពុជាជ្រើសរើសយក «នីតិវិធីផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដោយភាគីថៃព្យាយាមកំណត់ក្របខ័ណ្ឌថា ជម្លោះនេះគួរតែដោះស្រាយជាមួយភាគីថៃ និងត្រឹមតែការខណ្ឌសីមាព្រំដែនសមុទ្រប៉ុណ្ណោះ។
ការបង្វែរប្រធានបទ ថៃបានព្យាយាមទាញការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាការបោសសម្អាតមីន និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ដើម្បីកាត់បន្ថយសម្ពាធអន្តរជាតិលើបញ្ហាព្រំដែន។

ប៉ុន្តែផ្ទុយពីការថ្លែងបែបសម្រួលសភាពការណ៍របស់ថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រះនូវភាពស្រពិចស្រពិល ដោយលាតត្រដាងការពិតជាក់ស្តែងដែលកំពុងកើតមានឡើងនៅលើដី និងផ្អែកលើអនុសញ្ញាច្បាប់អន្តរជាតិយ៉ាងរឹងមាំឱ្យសហគមន៍អន្តរជាតិបានដឹងទៅវិញ។
ភាគីកម្ពុជា បានចង្អុលបង្ហាញថា ការដែលកម្ពុជាត្រូវចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS គឺដោយសារភាគីថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU 2001) កាលពីខែឧសភា ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់ក្នុងការដោះស្រាយវិវាទសមុទ្រ។
ភាគីកម្ពុជាបានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ដោយសារការរារាំង និងការបន្តកាន់កាប់ពីសំណាក់កងយោធាថៃ ដែលជាទង្វើបង្កើត «ស្ថានភាពជាក់ស្តែង» (fait accompli)។ ចំណុចនេះ កម្ពុជាមានការគាំទ្រពីរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN កាលពីខែកក្កដា ស្រាប់។
ភាគីកម្ពុជាបានបញ្ជាក់ពីជំហរស្មោះស្ម័គ្រ និងការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការផ្សះផ្សាលើកទី១ នៅប្រទេសសិង្ហបុរី ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ ផ្អែកលើ «សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» «កុងសង់ស៊ីសហ៊ូសៀន (Fuxian Consensus)» និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
តើប្រមុខ UN និងសហគមន៍អន្តរជាតិ នឹងស្តាប់នរណាជាង?
នៅក្នុងរចនាសម្ព័ន្ធនៃអង្គការសហប្រជាជាតិ និងតុលាការ/គណៈកម្មការអន្តរជាតិ ការសម្រេចចិត្ត និងការផ្តល់ទម្ងន់ មិនមែនផ្អែកលើ «ពាក្យពេចន៍លម្អៀង ឬការប្រឌិតដើម្បីឆ្ពិនភ្នែក» នោះឡើយ។ អគ្គលេខាធិការ UN និងសហគមន៍អន្តរជាតិ នឹងពិចារណាលើកត្តាសំខាន់ៗជាក់ស្ដែងដូចជា អង្កេតទិដ្ឋភាពជាក់ស្តែង, ភស្តុតាងលើទីតាំងជាក់ស្តែង (Empirical Evidence) , UN តែងតែផ្តល់តម្លៃខ្ពស់លើរបាយការណ៍ចុះអង្កេតផ្ទាល់ដីរបស់ភ្នាក់ងារខ្លួន (ដូចជាអ្នករាយការណ៍ពិសេស UN កាលពីខែកក្កដា) ដែលបានបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់លើប្រជាពលរដ្ឋភៀសខ្លួន និងការបិទរារាំងរបស់យោធាជាដើម។

តមកទៀតគឺ គោលការណ៍ច្បាប់អន្តរជាតិ ,ការគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ , ខ្សែបន្ទាត់ព្រំដែនដែលត្រូវបានកំណត់ដោយសន្ធិសញ្ញាប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ មិនអាចកែប្រែតាមចិត្តចង់របស់ភាគីណាមួយឡើយ។ ការលុបចោលកិច្ចព្រមព្រៀងជាឯកតោភាគីរបស់ថៃ (MOU 2001) រឹតតែធ្វើឱ្យថៃបាត់បង់ភាពច្បាស់លាស់ផ្នែកច្បាប់។
ដូចនេះ នៅលើឆាកអន្តរជាតិ និងតុមហាសន្និបាតអង្គការសហប្រជាជាតិ «ការជឿទុកចិត្ត និងការទទួលស្គាល់ គឺតែងតែផ្អែកទៅលើភ័ស្តុតាងពិតជាក់ស្តែង ច្រើនជាងពាក្យសម្តីប្រឌិតកុហកឆ្ពិនភ្នែក»។ ខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពនៃរដ្ឋនីមួយៗ ត្រូវបានកំណត់ និងការពារដោយច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ដែលមិនអាចកែប្រែដោយអំពើចិត្ត ឬការប្រើប្រាស់កម្លាំងបំពានបានឡើយ។
អង្គការសហប្រជាជាតិ និងគណៈកម្មការអន្តរជាតិ នឹងបន្តឈរលើគោលការណ៍ច្បាប់ ភស្តុតាងជាក់ស្តែងនៅលើដី និងការការពារសិទ្ធិមនុស្សធម៌របស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលទាំងនេះសុទ្ធសឹងជាចំណុចខ្លាំងដែលកម្ពុជាបាននិងកំពុងបង្ហាញយ៉ាងច្បាស់លាស់ និងមុតមាំបំផុត៕
