ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៨ចំណុច ដល់មន្ត្រីជំនាញគ្រប់គ្រង និងបញ្ជាសុនខ ដោយផ្តោតលើការគោរពវិន័យ ការថែទាំសុនខ ការពិនិត្យសុខភាព និងការហ្វឹកហាត់ជំនាញឱ្យបានជាប់លាប់ ដើម្បីត្រៀមចុះបំពេញបេសកកម្មតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ការណែនាំនេះ ត្រូវបានដាក់ចេញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រង និងបញ្ជាសុនខជំនាញ» ដែលបានបញ្ចប់ក្រោយដំណើរការរយៈពេល៥ខែ ដោយមានសិក្ខាកាមចំនួន៦៦រូប មកពីបណ្ឌិត្យសភានគរបាលជាតិ អង្គភាពតម្រួតបទបញ្ជា និងស្នងការដ្ឋាននគរបាលខេ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទិសដៅទាំង៨ចំណុចដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិបានចេះនោះរួមមាន៖ ទី១ គោរពឱ្យបាននូវបទវិន័យនគរបាលជាតិកម្ពុជា។ ទី២ បន្តការតស៊ូ អត់ធ្មត់ លះបង់ខ្ពស់បំផុត ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវវិន័យ សេចក្ដីថ្លៃថ្នូរ ឱ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ។ ទី៣ យកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំសុនខ តាមបច្ចេកទេសដែលបានហ្វឹកហាត់។ ទី៤ ពិនិត្យឱសថ និងស្វែងយល់ការប្រើប្រាស់ឱសថឲ្យបានច្បាស់លាស់ មុននឹងប្រើប្រាស់ លើសុនខ។ ទី៥ តាមដានចំពោះជម្ងឺសំខាន់ៗ ដែលបានកើតលើសុនខ។ ទី៦ ឧស្សាហ៍ធ្វើតេស្ត និងសាកល្បង ចំពោះជំនាញដែលសុនខបានហ្វឹកហាត់រួច។ ទី៧ ស្វែងយល់បន្ថែមអំពី ការហ្វឹកហាត់ និងការថែទាំសុខភាពសុនខឲ្យមានប្រសិទ្ធភាពខ្ពស់ និងទី៨ ត្រូវតៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ពីថ្នាក់ដឹកនាំក្នុងការចុះបំពេញបេសកកម្ម។

ក្រៅពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យមន្ត្រីជំនាំញត្រូវឧស្សាហ៍ធ្វើតេស្ត និងសាកល្បងជំនាញរបស់សុនខដែលបានហ្វឹកហាត់រួច ស្វែងយល់បន្ថែមពីបច្ចេកទេសហ្វឹកហាត់ ការថែទាំសុខភាពសុនខ ទាំងពិនិត្យ ឱសថ និងស្វែងយល់ពីវិធីប្រើប្រាស់ឱ្យបានច្បាស់លាស់ មុនពេលយកមកប្រើលើសុនខ ព្រមទាំងតាមដានជំងឺសំខាន់ៗដែលអាចកើតមាន ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់សុនខជំនាញនៅពេលចុះបំពេញបេសកកម្ម។

ក្នុងឱកាសបិទវគ្គនេះ ឯកឧត្តម លន់ សុផាត បានកោតសរសើរដល់ថ្នាក់ដឹកនាំអង្គភាព គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល៥ខែនេះឱ្យប្រព្រឹត្តទៅតាមផែនការ។ ជាមួយគ្នានោះដែរ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចំនួន១០លានរៀល ឧបត្ថម្ភដល់អង្គភាពអន្តរាគមន៍ និងឧបត្ថម្ភដល់គ្រូបង្វឹកម្នាក់ៗចំនួន២០ម៉ឺនរៀលផងដែរ៕

Share.