តាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយនាពេលថ្មីៗនេះលើកឡើងថា តុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចនៅថ្ងៃចន្ទ ម្សិលមិញនេះ ឱ្យមានការប្រើប្រាស់បាកូដ និង QR កូដនៅលើសន្លឹកបោះឆ្នោតក្នុងការបោះឆ្នោតទូទៅដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៧ ដោយចាត់ទុកថា ប្រព័ន្ធបោះឆ្នោតថ្មីនេះ គឺមិនបានល្មើសរដ្ឋធម្មនុញ្ញទេ ហើយថែមទាំងច្រានចោលថា QR កូដទាំងនេះក៏មិនបានប៉ះពាល់ដល់ការរក្សាភាពសម្ងាត់នៃការបោះឆ្នោត និងអាចធ្វើឡើងដោយជំនួសឱ្យមានគណៈកម្មាធិការបោះឆ្នោតថែមទៀតផង។

ហេតុការណ៍នេះបានធ្វើឱ្យពលរដ្ឋថៃ និងបក្សប្រឆាំងមានសំឡេងខ្ពស់នៅក្នុងប្រទេសថៃនាំគ្នាស្រែកឡាំប៉ាពីប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) ដែលកំពុងតែរងការរិះគន់ និងបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរស្រាប់នាពេលកន្លងមក។ ពួកគេអះអាងថា សេចក្ដីប្រកាសរបស់តុលាការធម្មនុញ្ញថៃ មិនត្រឹមតែទាត់ចោលនូវពាក្យបណ្តឹងចំនួន ២២ករណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីវិធីសាស្ត្រលុបលាងអំពើពុករលួយជាប្រព័ន្ធដែលបានកើតមាននៅក្នុងគណៈកម្មាធិការបោះឆ្នោតថែមទៀតផង។

បក្សប្រឆាំបានធ្វើការប្រកាន់ចំៗថា ការវាយកូដសម្គាល់នៅលើសន្លឹកឆ្នោត អាចបើកផ្លូវឱ្យមានការលួចស្រាវជ្រាវដឹងពីអត្តសញ្ញាណរបស់អ្នកបោះឆ្នោតម្នាក់ៗ ដែលនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត ទោះបីជាតុលាការសម្រេចការពារគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយសំអាងលើហេតុផលគ្រប់គ្រង និងទប់ស្កាត់ការក្លែងបន្លំសន្លឹកឆ្នោតក៏ដោយ ប៉ុន្តែជម្លោះផ្លូវច្បាប់នេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពខ្វះខាត និងចន្លោះប្រហោងនៃប្រព័ន្ធបោះឆ្នោតថៃតែម្ដង។ មួយទៀតសោត សេចក្តីសម្រេចចិត្តបានមកពីសំឡេងភាគច្រើននេះ អាចនឹងជាវិធីសាស្ត្រីថ្មីមួយទៀតជួយរុញច្រាណឱ្យលទ្ធផលនៃការបោះឆ្នោតសកល ទទួលបានជ័យជម្នះទៅលើគណបក្សភូមិចៃថៃដែលកំពុងតែកាន់អំណាចដោយនាយករដ្ឋមន្ត្រី អនុទិន ឆានវីរៈកុល ស្របភាពដែលប្រជាប្រិយភាពបក្សមួយនេះកំពុងដាំក្បាលចុះមកវិញ។

ជាការឆ្លើយតបទៅនឹងសំឡេងប្រឆាំង ក្រុមប្រឹក្សាតុលាការថៃបានច្រាណចោទការចោទប្រកាន់គ្មានមូលដ្ឋានថា ការភ្ជាប់ទិន្នន័យពីសន្លឹកឆ្នោតទៅកាន់អត្តសញ្ញាណម្ចាស់ឆ្នោត លុះត្រាតែមានការបូកបញ្ចូលឯកសារសម្ងាត់ចំនួន ៣មុខផ្សេងគ្នា រួមមាន៖ សន្លឹកឆ្នោត កន្ទុយសន្លឹកឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលឯកសារទាំងនេះត្រូវបានរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត និងទាមទារឱ្យមានដីការតុលាការទើបអាចបើកមើលបាន។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះ បានធ្វើឱ្យសាធារណជន និងក្រុមអ្នកប្រជាធិបតេយ្យសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានរិះគន់ថា តុលាការធម្មនុញ្ញថៃកំពុងព្យាយាមបិទបាំងអំពើពុករលួយឱ្យស្ថាប័នរៀបចំការបោះឆ្នោត។ ក្រុមអ្នករិះគន់នៅតែបន្តបានចោទសួរថា ហេតុអ្វីបានជាស្ថាប័នរៀបចំការបោះឆ្នោត សុខចិត្តជ្រើសរើសវិធីសាស្ត្រដែលមានហានិភ័យបំផ្លាញការសម្ងាត់របស់អ្នកបោះឆ្នោតបែបនេះទៅវិញ? តើការបោះឆ្នោតនៅក្នុងប្រទេសថៃនាពេលអនាគតអាចធានាបានលក្ខណៈប្រជាធិបតេយ្យ សុគ្រិតភាព តម្លាភាព និងស្របច្បាប់ដោយរបៀបណា?

