បន្ទាយមានជ័យ៖ ទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជំនន់លិចលង់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឱ្យពលរដ្ឋជាង ១០០គ្រួសារ ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ត្រូវបានអាជ្ញាធរជម្លៀសជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាពថ្មី នៅផ្សារចំការត្រដោក។ប្រតិបត្តិការជម្លៀសនេះ ធ្វើឡើងក្រោមការដឹកនាំរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដោយមានការចូលរួមពីអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ដោយបានប្រើប្រាស់កម្លាំងអន្តរាគមន៍បានប្រើកាណូតចំនួន ៥គ្រឿង ដឹកពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៥ រួចបន្តដឹកតាមរថយន្តទៅកាន់ទីតាំងសុវត្ថិភាពថ្មី។

តាមរបាយការណ៍រដ្ឋបាលខេត្តបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ស្រុក/ក្រុងចំនួន ៦ ក្នុងចំណោម ៩ របស់ខេត្ត រួមមាន ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងស្រុកព្រះនេត្រព្រះ ខណៈជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៣,៥៦២គ្រួសារ ស្មើនឹង ១៤,៥៣១នាក់ ក្នុងនោះ ១,៦៦៣គ្រួសារ ស្មើនឹង ៦,១៦៥នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់។

ក្រៅពីនេះ ដំណាំស្រូវជាង ១៧,៥០០ហិកតា និងដំឡូងមី ៦៥ហិកតា ត្រូវបានលិចលង់ ខណៈសាលារៀន ១៥កន្លែង វត្តអារាម ៨កន្លែង មណ្ឌលសុខភាព ៣កន្លែង និងផ្លូវថ្នល់ ២៥៧ខ្សែ ប្រវែងជាង ១៣០គីឡូម៉ែត្រ រងផលប៉ះពាល់ដោយសារជំនន់។ ជាមួយគ្នាអាជ្ញាធរខេត្ត និងកងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការជម្លៀស និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រៀមជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង៕

អត្ថបទ៖ប៉ោយប៉ែត

