«អ្នកបើកជំនួសខ្ញុំ ពេលស្រវឹង» គឺជាសេវាកម្មពាណិជ្ជកម្មបែបទំនើបមួយ ដែលចាត់ចែងអ្នកបើកបរ​មាន​ជំនាញ និងអត្តសញ្ញាណច្បាស់លាស់ ឱ្យមកជួយបើករថយន្តផ្ទាល់ខ្លួនរបស់​អតិថិជនជូនទៅដល់​ផ្ទះដោយ​សុវត្ថិភាព នៅពេលម្ចាស់រថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ឬមិនអាចបើកបរដោយខ្លួនឯងបាន។

ក្នុងនាមខ្ញុំជាស្មេរ ខ្ញុំសូមចែករំលែកបទពិសោធបន្តិចបន្តួចលើរឿងនេះ៖ ខ្ញុំនៅចាំបានយ៉ាងច្បាស់ កាលពី​ពេល​ខ្ញុំធ្វើដំណើរទៅប្រទេសចិន ខ្ញុំបានជួប និងហូបចុកជាមួយមន្ត្រីរាជការចិនម្នាក់។ នៅយប់នោះ គាត់​​បាន​បើក​រថយន្ត​ផ្ទាល់​ខ្លួនមកទទួលខ្ញុំនៅសណ្ឋាគារ។ បន្ទាប់ពីការពិសារគ្រឿងស្រវឹង និងជជែកគ្នារួចរាល់ គាត់មិន​បាន​តាំង​ខ្លួន​ជា «អ្នកខ្លាំង» ឬប្រម៉ាត់ប្រម៉ង់បើករថយន្តទាំងស្រវឹងត្រឡប់ទៅវិញឡើយ។ ផ្ទុយទៅវិញ គាត់បាន​ចុច​បញ្ជា​ហៅ​សេវា​កម្ម​អ្នកបើកបរជំនួសតាមកម្មវិធីទូរស័ព្ទ ភ្លាមៗ។ អ្នកបើកបរជំនួសនោះ បាន​មក​បើក​រថយន្ត​ជូនខ្ញុំត្រឡប់ទៅសណ្ឋាគារវិញដោយសុវត្ថិភាព ហើយក៏បានជូនមន្ត្រីរូបនោះ​ទៅដល់ផ្ទះ​យ៉ាង​សុខសាន្ត។

មន្ត្រីរូបនោះបានប្រាប់ខ្ញុំថា «ការប្រើសេវាបើកជំនួសបែបនេះ មិនត្រឹមតែជួយឱ្យយើងមិនប្រឈមមុខច្បាប់ និង​កាត់បន្ថយគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុត គឺការពារកិត្តិយស និងអាជីពជាមន្ត្រីរាជការ មិនឱ្យ​បាត់បង់​ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នាពេលយប់នោះឡើយ»។ មិនមែនមានតែប្រទេស​ចិន​ទេ សេវាអ្នកបើកបរ​ជំនួស ពេលស្រវឹង ក៏ពេញ​និយម​នៅបណ្ដា​ប្រទេសមួយចំនួនផ្សេងទៀតដែរ។

សូមចុចអាន៖ ទីទួលសុវត្ថិភាពព្រែកជីកត្រូវទឹកលិច អាជ្ញាធរបន្ទាយមានជ័យជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីតាំងថ្មី

តើហេតុអ្វីនៅកម្ពុជា​ហាក់មិនទាន់ពេញ​និយម?​ កន្លងមក ទោះជាមាន​ទំព័រហ្វេសប៊ុក​មួយចំនួន​ធ្លាប់បាន​ប្រកាស​ផ្តល់សេវា​នេះក៏ដោយ ក៏កត្តា កង្វះទំនុកចិត្តលើសុវត្ថិភាព» និងការខ្វះព័ត៌មានលម្អិត បានក្លាយ​ជា​ល្បាំង​រាំង​ស្ទះ​ធ្វើឱ្យពលរដ្ឋមិនហ៊ានប្រថុយប្រើប្រាស់។ សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញសេវាកម្មនេះ​ដើរទាន់​សភាពការណ៍ និងរីកចម្រើនខ្លាំង ព្រោះវាជាដំណោះស្រាយដ៏ចាំបាច់បំផុតនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែជា «ឃាតកលាក់មុខ» ដ៏គួរឱ្យភ័យខ្លាច ដែល​បាន​ប្លន់​យកជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់ជាមធ្យមពី ៤ ទៅ ៥ នាក់រៀងរាល់ថ្ងៃ។ ក្នុងចំណោមដើមហេតុចម្បងៗ ការបើកបរក្រោម​ឥទ្ធិពល​នៃគ្រឿងស្រវឹង នៅតែជាឫសគល់នៃសោកនាដកម្មលើដងផ្លូវយ៉ាងធ្ងន់ធ្ងរ និងទាមទារឱ្យមាន​ការទប់ស្កាត់​​ជាបន្ទាន់។

យោងតាមមាត្រា ៦(ថ្មី) មាត្រា៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃ​ច្បាប់ស្តីពី ចរាចរណ៍គោក បានចែងថា អ្នក រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុង​ស្ថាន​ភាពស្រវឹង​នឹង​ត្រូវ​ទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍គោក ដូចខាងក្រោម៖

ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩

  • សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
  • សម្រាប់អ្នក រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
  • សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។
    ដោយឡែក​ចំពោះ​អ្នកមាន​ជាតិស្រវឹង​ក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ
  • សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
  • សម្រាប់អ្នករថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
  • សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។ ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍គោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និង​ពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ៤លានរៀល។

ដើម្បីទប់ស្កាត់​​អ្នកបើកបរក្នុងស្ថានភាពស្រវឹង​នេះដែរ បទបញ្ជាយ៉ាងក្តៅគគុកពីសំណាក់ ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចគោលការណ៍បណ្ដេញ​​មន្ត្រី​ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ទាំងមន្ត្រីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ចេញពីក្របខណ្ឌ បើពួកគេ​បើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍។ ការណ៍នេះ គឺដើម្បីលើកគុណតម្លៃ​មន្ត្រី​របស់​ក្រសួង ដែលជាអង្គភាព​អនុវត្ត​ច្បាប់ចរាចរណ៍។ ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្នុង​កិច្ចប្រជុំ​និង​ស្ដាប់របាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះពិនិត្យតាមប៉ុស្តិ៍​នគរបាល​រដ្ឋបាល តាមស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត នៅថ្ងៃទី២៦ ខែសីហា ២០២៦។

សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ការបើកបរទាំងស្រវឹង មិនត្រឹមតែ​ប្រឈម​នឹងការបាត់បង់​ជីវិត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «បាត់បង់អាជីព កិត្តិយស និងអនាគត» ភ្លាមៗផងដែរ។

ដើម្បីជំរុញឱ្យសេវាកម្ម «អ្នកបើកជំនួសខ្ញុំ» អាចដំណើរការបានទូលំទូលាយ និងបង្កើតទំនុកចិត្តនៅកម្ពុជា ដំណោះស្រាយ​រួមគ្នាមួយចំនួនគួរត្រូវបានលើកកម្ពស់៖

  • កិច្ចសហការរវាងរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យា៖ ក្រសួងមហាផ្ទៃ ឬអគ្គស្នងការដ្ឋាននគរបាលជាតិ អាចពិចារណា​គាំទ្រ ឬជំរុញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក និង App ធំៗ ឱ្យបង្កើតមុខងារ «Drive for me» ដោយមាន​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណអ្នកបើកបរច្បាស់លាស់ មានកញ្ចប់ធានារ៉ាប់រង និងទទួលស្គាល់ស្តង់ដារ​សុវត្ថិភាព​ពីអាជ្ញាធរ ដើម្បីលុបបំបាត់ការបារម្ភ និងបង្កើតទំនុកចិត្ត ១០០% ជូនប្រជាពលរដ្ឋ។
  • ការរួមចំណែកពីភោជនីយដ្ឋាន និងសន្តិសុខ៖ ហាងផឹកស៊ី ឬក្លឹបកម្សាន្ត គួរតែបណ្តុះបណ្តាល​សន្តិសុខ ឬសហការជាមួយក្រុមហ៊ុនជំនាញ ក្នុងការផ្តល់សេវា «បើកឡានអតិថិជនជូនទៅផ្ទះ» ដោយ​សុវត្ថិភាព។
  • ទម្លាប់ «ទុកឡាន-ជិះតាក់ស៊ី»៖ ប្រសិនបើមិនទាន់មានសេវាអ្នកបើកជំនួសផ្លូវការ ជម្រើសដ៏ល្អបំផុត​គឺការ​ទុកឡាន​ចោលនៅកន្លែងផ្ញើឱ្យមានសុវត្ថិភាព រួចបញ្ជាហៅ TADA, PassApp ឬ Grab ជិះត្រឡប់ទៅផ្ទះ។
  • ការរៀបចំផែនការមុនចាកចេញពីផ្ទះ៖ សម្រាប់មន្ត្រីក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋទូទៅ ប្រសិនបើ​ដឹង​ថា​​មកពិសារគ្រឿងស្រវឹង គួរតែរៀបចំផែនការ «ជិះតាក់ស៊ី ឬកង់បីពីផ្ទះមកតែម្តង» ដោយមិនបាច់​បើក​​រថយន្ត​ផ្ទាល់ខ្លួន​មកឡើយ។

ការផ្លាស់ប្តូរទម្លាប់ និងការបង្កើតជម្រើសសេវាកម្ម «អ្នកបើកជំនួសខ្ញុំ» មិនត្រឹមតែជាដំណោះស្រាយ​អាជីវកម្ម​បែបទំនើបប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការសង្គមមួយដ៏សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារ​ជីវិត​មនុស្ស និងរក្សានូវអនាគតការងាររបស់មន្ត្រីរាជការឱ្យបានគង់វង្ស៕

ចុះអ្នកវិញ តើមានទស្សនៈដូចម្ដេចដែរ? រឿងបើកបរពេលស្រវឹងនេះ តើអ្នកមានយោបល់​អ្វីទេ?

អត្ថបទ៖ ទស្សនៈស្មេរ


ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែ​លម្អ​សេវា​សាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និង​សហការ​ផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

Share.