ភ្នំពេញ៖ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើមសប្តាហ៍នេះ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ដោយឥតកែប្រែ ក្នុងសំឡេងគាំទ្រ ៥៦ លើ ៥៦ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូចម្រុះមកពីក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង៤ ខាងលើ។

សេចក្តីព្រាងច្បាប់ទាំង ៤ ដែលត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្ររួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូ ធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។

៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។

៤. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

សូមជម្រាបថា ការទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ៥៦/៥៦ ពីព្រឹទ្ធសភានាពេលនេះ បានស្ដែងឱ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោកឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

Share.