ចំពោះមុខសម្ពាធនៃពហុវិបត្តិសកល និងតំបន់ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ព្រមទាំងបានបង្ហាញនូវសមិទ្ធផលចម្បងចំនួន ៣ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គម និងធានាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៦» នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦ នេះ កម្ពុជាបាននិងកំពុងទទួលរងនូវកម្មវិបាកផ្ទួនៗពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។ ដើម្បីឆ្លើយតបនឹងសភាពការណ៍ប្រកែកមិនបាននេះ រាជរដ្ឋាភិបាលបានបង្ហាញភាពបុរេសកម្ម ដោយបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ។ កម្មវិធីនេះប្រកបដោយកញ្ចប់អន្តរាគមន៍សំខាន់ៗចំនួន ៣ រួមមាន ការរក្សាលំនឹងជីវភាពដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ, និងការគ្រប់គ្រង ការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីផ្តល់កិច្ចគាំពារដល់លំនឹងជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម តាមរយៈការអភិវឌ្ឍជំនាញ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីជួយពង្រឹងសមត្ថភាពទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ឱ្យអាចងើបឡើងវិញពីវិបត្តិ និងបង្កើនភាពធន់ចំពោះហានិភ័យនាអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដោយសង្ខេបនូវកន្សោមសមិទ្ធផលចម្បងចំនួន ៣ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃនីតិកាលទី ៧ ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៦ ដែលស្តែងឱ្យឃើញពីវឌ្ឍនភាពយ៉ាងឆាប់រហ័សនៃប្រព័ន្ធគាំពារសង្គម។ ក្នុងនោះ សមិទ្ធផលទី ១ គឺកម្មវិធីថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល បានពង្រីកការគ្របដណ្តប់លើប្រជាពលរដ្ឋពី ៤,៧ លាននាក់ ដល់ ៨,៥ លាននាក់ ដោយអ្នកទទួលផលពីមូលនិធិសមធម៌សុខាភិបាលកើនឡើងប្រមាណ ៧១% (ពី ២,៨ លាននាក់ ដល់ ៤,៨ លាននាក់) និងអ្នកទទួលផលពីរបបថែទាំសុខភាព ប.ស.ស. កើនឡើងប្រមាណ ៩៥% (ពី ១,៩ លាននាក់ ដល់ ៣,៧ លាននាក់)។ ចំពោះសមិទ្ធផលទី ២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ បានគ្របដណ្តប់លើក្រុមគោលដៅចំនួន ៦ ក្រុម រួមមាន ស្ត្រីកម្មករនិយោជិតក្នុងប្រព័ន្ធ (ប.ស.ស.), ស្ត្រីគ្រួសារបណ្ណសមធម៌, មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា, មន្ត្រីនគរបាលជាតិ និងពន្ធនាគារ, ជនជាប់ឃុំ, ព្រមទាំងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ដោយចំនួនអ្នកទទួលផលបានកើនឡើងជាង ១០០% (ពី ១,១ លាននាក់ ដល់ ២,២៥ លាននាក់)។ រីឯសមិទ្ធផលទី ៣ គឺកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានដាក់ឱ្យអនុវត្តគ្របដណ្តប់លើគ្រួសារក្រីក្រជាង ៧៩ ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋប្រមាណ ៣,៥ លាននាក់ ដោយផ្តល់នូវប្រាក់ឧបត្ថម្ភគោល និងប្រាក់ឧបត្ថម្ភបន្ថែមដល់សមាជិកងាយរងគ្រោះ ដូចជា សិស្សានុសិស្ស ជនចាស់ជរា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះបានដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូល» យ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំពិធីបើកជាផ្លូវការ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦។ ក្នុងឱកាសនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០» ផងដែរ។
សប្តាហ៍គាំពារសង្គមកម្ពុជា លើកទី៥ ប្រព្រឹត្តទៅក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័ននៃប្រទេសមួយចំនួនក្នុងតំបន់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ ដោយរួមចំណែករក្សាលំនឹងជីវភាព និងទប់ស្កាត់ការធ្លាក់ចូលកាន់តែជ្រៅក្នុងភាពក្រីក្រ នៅពេលប្រឈមនឹងវិបត្តិ ឬគ្រោះអាសន្ន។
ទន្ទឹមគ្នានេះដែរ ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះ គឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា។ ផែនការនេះកំណត់សកម្មភាពអាទិភាព ក្រសួង-ស្ថាប័នទទួលបន្ទុក និងក្របខណ្ឌពេលវេលាច្បាស់លាស់ ដោយផ្តោតលើបណ្តុំជាមូលដ្ឋានចំនួន៥ គឺ៖ ក្របខណ្ឌគោលនយោបាយ និងស្ថាប័ន យន្តការអនុវត្តកម្មវិធី ប្រព័ន្ធបើកផ្តល់ ប្រព័ន្ធទិន្នន័យ និងព័ត៌មាន និងយន្តការហិរញ្ញប្បទាន ព្រមទាំងគិតគូរអំពីបរិយាបន្ន និងយេនឌ័រ។
គោលដៅសំខាន់នៃផែនការនេះ គឺធានាឱ្យការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ មានលក្ខណៈជាប្រព័ន្ធ អាចព្យាករទុកជាមុន ទាន់ពេល និងមានប្រសិទ្ធភាព ទាំងក្នុងអំឡុងគ្រោះអាសន្ន ដើម្បីរក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ៕

Share.