បាងកក៖ វិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងវាយប្រហារយ៉ាងកំហុកលើរាជធានីបាងកក និងបណ្តាខេត្តជាច្រើនទៀតក្នុងប្រទេសថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិថៃ ដោយបានទាញទម្លាក់វិស័យអាកាសចរណ៍ ឧស្សាហកម្មទេសចរណ៍ និងវិស័យកម្សាន្តឱ្យដាំក្បាលចុះយ៉ាងគំហុក ព្រមទាំងខាតបង់ថវិការាប់រយលានបាត។

បើយោងតាមនាយកដ្ឋានការពារ និងបន្ធូរបន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បានឱ្យដឹងថា គ្រោះទឹកជំនន់នាពេលនេះបាននិងកំពុងលិចលង់ខេត្តចំនួន ២៩ និងខណ្ឌទាំង ៥០ នៃរាជធានីបាងកក ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២,៦ លាននាក់ (ស្មើនឹងប្រមាណ ៩៤០,៣០០ គ្រួសារ) ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២នាក់ហើយ។

ក្នុងនោះគួរឱ្យកត់សម្គាល់ សួនកម្សាន្តលំដាប់ប្រវត្តិសាស្ត្រ Siam Amazing Park (ឬអតីត Siam Park City) ត្រូវបានទឹកជំនន់លិចលង់ស្ទើរតែទាំងស្រុងអស់រយៈពេល ៥ថ្ងៃមកហើយ។ លោក Wutthichai Luangamornlerd អគ្គនាយកប្រតិបត្តិនៃសួនកម្សាន្តនេះ បានបញ្ជាក់ថា ការខូចខាតបឋមត្រូវបានប៉ាន់ប្រមាណថាមានទំហំលើសពី ១០០លានបាត (ជិត ៣លានដុល្លារអាមេរិក)។

ដោយសារទំហំខូចខាតធ្ងន់ធ្ងរជាងគ្រោះទឹកជំនន់កាលពីឆ្នាំ២០២១ ឆ្ងាយណាស់ ក្រុមហ៊ុនបានសម្រេចចិត្តផ្អាកប្រតិបត្តិការរយៈពេល ៦ខែ ដើម្បីត្រួតពិនិត្យ និងជួសជុលគ្រឿងម៉ាស៊ីន ឧបករណ៍លេង និងសមុទ្រសប្បនិម្មិត។ ដំណើរការជួសជុលអាចនឹងប្រើពេលយ៉ាងតិច ៣ ទៅ ៤ខែ ដោយរំពឹងថានឹងអាចបើកដំណើរការឡើងវិញមុនពិធីបុណ្យសង្ក្រាន្តថៃខាងមុខ។

រី​ឯនៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិវិញ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយក្នុងការដោះស្រាយបញ្ហាកកស្ទះអីវ៉ាន់ និងវ៉ាលីសរបស់អ្នកដំណើរ។ ទឹកជំនន់ជុំវិញទីក្រុងបាងកកបានរារាំងបុគ្គលិកបម្រើការលើដី មិនឱ្យមកធ្វើការបាន បណ្តាលឱ្យខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរក្នុងការលើកដាក់អីវ៉ាន់។

បញ្ហានេះបានប៉ះពាល់ដល់អីវ៉ាន់របស់អ្នកដំណើរមកពី ៥២ជើងហោះហើរ កាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ ២០២៦ ដែលតម្រូវឱ្យអ្នកដំណើរបញ្ជូនទិន្នន័យ និងរង់ចាំរហូតដល់ ៣ថ្ងៃទើបទទួលបានវ៉ាលីសវិញ។ ដើម្បីដោះស្រាយស្ថានការណ៍បន្ទាន់ ក្រុមហ៊ុនបានស្នើសុំកម្លាំងជំនួយពីប្រពន្ធ Thailand Post និងកងទ័ព ដើម្បីមកជួយបែងចែក និងដឹកជញ្ជូនវ៉ាលីសជូនអ្នកដំណើរដល់ផ្ទះ ឬសណ្ឋាគារ។

បន្ថែមពីលើនេះ ក្រុមហ៊ុន Thai Airways បានរាយការណ៍ថា មានជើងហោះហើរចំនួន ៣៤ ត្រូវពន្យារពេលកាលពីថ្ងៃទី២៨ ខែកញ្ញា និងមានការលុបចោលជើងហោះហើរ លើផ្លូវហោះហើរមួយចំនួនទៀតកាលពីថ្ងៃទី២៩ និង៣០ ខែកញ្ញា ដោយសារតែផលប៉ះពាល់ដោយផ្ទាល់ពីគ្រោះទឹកជំនន់នេះ។

សូមជម្រាបថា វិបត្តិទឹកជំនន់នៅប្រទេសថៃនាពេលនេះ មិនត្រឹមតែបង្កការលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងវាយប្រហារយ៉ាងខ្លាំងដល់ជំនឿទុកចិត្តនៃវិស័យទេសចរណ៍ និងអាកាសចរណ៍អន្តរជាតិរបស់ប្រទេសនេះទៀតផង៕

Share.