ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនដែលខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ រយៈពេល ៦ខែបន្ថែមទៀត ដោយអនុញ្ញាតឱ្យក្រុមហ៊ុនបង់ពិន័យត្រឹមរយៈពេល ១ឆ្នាំចុងក្រោយ និងបង់កម្រៃសេវាតាមចំនួនឆ្នាំដែលខកខានជាក់ស្តែង។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ការអនុគ្រោះនេះមានគោលបំណងជួយដល់ក្រុមហ៊ុនដែលមានបំណងបំពេញកាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែបានខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមកាលកំណត់ ហើយក្នុងអំឡុងរយៈពេល ៦ខែ ក្រុមហ៊ុនដែលចង់ទទួលបានការអនុគ្រោះ ត្រូវបង់ប្រាក់ពិន័យសម្រាប់ការមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រឹម ១ឆ្នាំចុងក្រោយ ព្រមទាំងបង់កម្រៃសេវាតម្កល់ប្រតិវេទន៍តាមចំនួនឆ្នាំដែលខកខានជាក់ស្តែង។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ភាគហ៊ុន (Background Check) ដើម្បីរួមចំណែកពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងនោះក្រសួងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ ឱ្យបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលា មួយវិញទៀត ប្រសិនបើជួបបញ្ហាបច្ចេកទេសក្នុងប្រព័ន្ធចុះបញ្ជី អាចទំនាក់ទំនងទៅលេខ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ដោយចុចលេខ ២ សម្រាប់ការងារចុះបញ្ជីពាណិជ្ជកម្ម៕





