ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាព ដើម្បីចៀសវាងហានិភ័យនានាដែលអាចកើតមានពីការទទួលទានអាហារ ការពិសាស្រា ការធ្វើដំណើរ និងការចម្លងជំងឺផ្សេងៗ ក្នុងអំឡុងពេលចូលរួមពិធីបុណ្យ។



តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាពិសេសចំពោះ សុវត្ថិភាពចំណីអាហារ និងការពុលស្រា ដោយប្រជាពលរដ្ឋត្រូវលាងសម្អាតដៃមុនចាប់កាន់ ឬរៀបចំចំណីអាហារ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសក្រោយពេលប៉ះពាល់សត្វ ឬបោចសម្អាតរោមសត្វ និងបសុបក្សី។ហើយអ្វីដែលត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតនោះគឺពេលចម្អិនម្ហូបអាហារធ្វើយ៉ាងណាឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ហើយត្រូវប្រាកដថា អាហារឆ្អិនស្រាប់ដែលទិញពីទីផ្សារ ឬតាមដងផ្លូវ មានអនាម័យ និងសុវត្ថិភាព។ អាហារឆៅ និងអាហារឆ្អិនត្រូវរក្សាទុកដាច់ដោយឡែក សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនអាហារឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងវត្ថុធាតុដើមដែលមានគុណភាព។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានព្រមានពី បញ្ហាស្រាដែលមានសារធាតុមេតាណុល ដោយបញ្ជាក់ថា មេតាណុលមិនមែនជាមេស្រាទេ ហើយការប្រើប្រាស់មេតាណុលសម្រាប់ផលិតស្រាស ឬស្រាថ្នាំ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។ ដូច្នេះក្រសួងបានណែអ្នកផលិតនាំឱ្យបញ្ឈប់ការលក់ស្រាស ឬស្រាថ្នាំដែលផលិត បិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រាដែលមានសារធាតុមេតាណុលឡើយ។ ចំពោះជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋខ្ទប់មាត់ពេលក្អក ឬកណ្តាស់ ដោយប្រើម៉ាស កន្សែងដៃ ឬផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាល។ ចំពោះសត្វបសុបក្សី ត្រូវចៀសវាងការប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់។ នៅពេលចាប់កាន់មាន់ទាដើម្បីធ្វើម្ហូប ត្រូវពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ ហើយស្រុះវាក្នុងទឹកពុះ មុនពេលបោចសម្អាតរោម។

 ក្រសួងក៏ណែនាំឱ្យប្រជាពលរដ្ឋរក្សាទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង រៀបចំទុកដាក់សម្ភារៈ និងសម្លៀកបំពាក់ទាំងក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។ ក្នុងករណីមាន រោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ មិនគួរឱ្យយឺតជាង ៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន និងមិនគួរសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលព្យាបាលនៅសេវាឯកជនដែលមិនមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម។



ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយណែនាំប្រជាពលរដ្ឋអនុវត្តវិធានការសុវត្ថិភាពចំណីអាហារឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅតាមទីតាំងនានា និងវត្តអារាម ដោយរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ មិនដាក់ច្របូកច្របល់គ្នា ដើម្បីចៀសវាងការពុលចំណីអាហារ និងជំងឺដែលបណ្តាលមកពីអាហារមិនមានសុវត្ថិភាព។ ក្រសួងក៏បានស្នើឱ្យមានការចូលរួមទប់ស្កាត់ការលក់ស្រាដែលបិត ឬលាយផ្សំដោយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋចៀសវាងការយកសារធាតុមេតាណុលមកលាយធ្វើស្រាស ឬស្រាថ្នាំ ដែលអាចបង្កឱ្យពុល និងបាត់បង់ជីវិត។ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការការពារសុខភាពខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។

Share.