ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានដាក់របាយការណ៍ផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយបានអំពាវនាវយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃ ធ្វើការរួមគ្នាដោយស្មោះត្រង់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាជាង ២ម៉ឺននាក់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ។

នៅក្នុងរបាយការណ៍កម្រាស់ ១៧ទំព័រ ដែលបានដាក់ជូនមហាសន្និបាតលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លោក Andrews បានរំលេចពីបេសកកម្មចុះផ្ទាល់របស់លោកកាលពីខែកក្កដា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងជុំរុំជម្រកថ្មីក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងជ្រកកោនប្រជាពលរដ្ឋជាង ១៣,០០០នាក់។ លោកបានបញ្ជាក់ថា ស្ថានភាពរស់នៅរបស់ជនភៀសខ្លួនខ្មែរគឺទ័លក្រ និងលំបាកវេទនាជាខ្លាំង ដោយសារពួកគេត្រូវបោះបង់ចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ និងមុខរបរ។

ផ្អែកតាមការផ្តល់បទសម្ភាសន៍ពីប្រជាពលរដ្ឋ និងការចុះពិនិត្យដល់តំបន់បឹងត្រកួន លោកអ្នករាយការណ៍ពិសេសបានឃើញផ្ទាល់ភ្នែកនូវការដាក់រៀបចំបន្លាលួស និងទូកុងតឺន័របិទផ្លូវពីសំណាក់យោធាថៃ ព្រមទាំងទទួលបានរបាយការណ៍ពីការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលនៅក្នុងតំបន់កាន់កាប់ដោយយោធាថៃផងដែរ។ លោកបានសង្កត់ធ្ងន់ថា ច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់ជនភៀសខ្លួនក្នុងការវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង។

ជាមួយគ្នានេះ លោក Andrews ក៏បានបន្តអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់ជំនួយមនុស្សធម៌ ព្រមទាំងជួយស្វែងរកការងារធ្វើជូនពលករកម្ពុជាប្រមាណជិត ៩០០,០០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ផងដែរ៕
