ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងមានផ្លូវបេតុងអាមេថ្មីមួយខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការប្រកបរបរប្រចាំថ្ងៃ បន្ទាប់ពីគម្រោងសាងសង់ផ្លូវនេះ ត្រូវបានបើកសំណើដេញថ្លៃជាសាធារណៈ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

តាមលោក ប៉ឹង ប៊ុនថន មេឃុំទន្លូង និងជាប្រធានគណៈកម្មការលទ្ធកម្ម បានឱ្យដឹងថា ការដេញថ្លៃគម្រោងបានប្រព្រឹត្តទៅតាមនីតិវិធី ដោយមានគណៈកម្មការលទ្ធកម្ម អាជ្ញាធរពាក់ព័ន្ធ និងអ្នកសារព័ត៌មានចូលរួមតាមដាន។

លោកបន្តថា បន្ទាប់ពីប្រកាសដាក់ឱ្យដេញថ្លៃ មានក្រុមហ៊ុនចំនួន ៦ បានចូលរួមដាក់សំណើ ហើយនៅថ្ងៃទី៣០ ខែកញ្ញា គណៈកម្មការបានបើកសំណើគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មានជាង ១៥៩លានរៀល ដោយលទ្ធផលដេញថ្លៃបានទៅលើ ក្រុមហ៊ុន ទ្រី ម៉ារឌី។

ជាមួយគ្នានេះ លោក សឺងគិរី វណ្ណឌី បានបញ្ជាក់ថា រាល់ដំណើរការដេញថ្លៃជាសាធារណៈ ត្រូវអនុវត្តតាមគោលការណ៍ និងនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំជាធរមាន ដោយផ្តោតលើតម្លាភាព យុត្តិធម៌ និងគុណភាព ព្រមទាំងចៀសវាងការឃុបឃិតគ្នាក្នុងគ្រប់រូបភាព។

លោកបានឱ្យដឹងទៀតថា គម្រោងនេះត្រូវបានប្រកាសនៅក្នុងប្រព័ន្ធវេបសាយរបស់ គ.ច.អ.ប. ត្រឹមត្រូវ ខណៈដំណើរការលទ្ធកម្មមានសមាសភាពគ្រប់ចំនួន និងមានអ្នកទទួលការចំនួន ១៨ក្រុមហ៊ុន ក្នុងនោះមាន ៦ក្រុមហ៊ុនបានចូលរួមដាក់សំណើដេញថ្លៃ។ ការដេញថ្លៃក៏មានបណ្តាញសារព័ត៌មានចំនួន ២២អង្គភាពចូលរួមយកព័ត៌មាន ដើម្បីឲ្យដំណើរការដេញថ្លៃបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ស្របតាមនីតិវិធីដែលបានកំណត់ និងបើកចំហរជាសាធារណ:។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយសម្រាប់សម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ÷អាចារ្យលាក់

Share.