ភ្នំពេញ — សង្គមឌីជីថលបានធ្វើឱ្យលំហូរព័ត៌មានមានភាពរហ័សរហួន ប៉ុន្តែនៅតែមានមន្ត្រីរាជការមួយចំនួនផងដែរ មានទម្លាប់បំពេញការងារបែប «រដ្ឋបាលនិយមនៅលើក្រដាស និងបណ្តាញសង្គម»។ ពលរដ្ឋតែងតែលួចនិយាយនិងខ្សឹបតៗគ្នាថា មន្ត្រីមូលដ្ឋានមួយចំនួន ពិសេសថ្នាក់ដឹកនាំខណ្ឌ ស្រុក ឬក្រុង ហាក់មាននិន្នាការអង្គុយចាំតែទទួលរបាយការណ៍នៅក្នុងការិយាល័យ អូសមើលព្រឹត្តិការណ៍តាមតែបណ្តាញ Social Media រួចវាយតម្លៃស្ថានភាព និងជ្រើសរើសយក​ការដោះស្រាយ​បញ្ហាតាមរយៈអេក្រង់ទូរស័ព្ទ។ ទម្លាប់បែបនេះ មិនអាច​ជួយ ដោះស្រាយទុក្ខលំបាកដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឡើយ។

ស្ថាប័នរដ្ឋបាលសាធារណៈ មិនមែនជាកន្លែងសម្រាប់មន្ត្រីមកអង្គុយត្រជាក់ចិត្ត ហើយចាំទទួលតែលិខិតស្នើសុំនោះទេ។ តួនាទីជា «អ្នកបម្រើរាស្ត្រ» គឺទាមទារឱ្យមន្ត្រីត្រូវតែបោះជំហានចេញទៅឱ្យដល់ខ្នងផ្ទះពលរដ្ឋ ទៅស្តាប់ការរៀបរាប់ពីទុក្ខលំបាកដោយផ្ទាល់ ពោលគឺទៅមើលឱ្យដល់ស្ថានភាពពិតជាក់ស្ដែង ទើបអាចរកឃើញឫសគល់នៃបញ្ហា និងដោះស្រាយបានចំគោលដៅ។

យើងអាចប្រៀបប្រដូចកិច្ចការងារបម្រើរាស្ត្រនេះ ទៅនឹងវិជ្ជាជីវៈគ្រូពេទ្យ។ «ពេទ្យដែលពូកែ ព្យាបាលអ្នកជំងឺជាបានលឿនរហ័ស គឺដោយសារតែគ្រូពេទ្យនោះបានចុះមកពិនិត្យអាការៈ ស្តាប់ការរៀបរាប់ពីការឈឺចាប់ផ្សេងៗ និងស្ទាបស្ទង់ជីពចររបស់អ្នកជំងឺដោយផ្ទាល់»។ ផ្ទុយទៅវិញ បើគ្រូពេទ្យគ្រាន់តែអង្គុយមើលសន្លឹកវិភាគក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដោយមិនបានសាកសួរ ឬពិនិត្យអ្នកជំងឺផ្ទាល់ភ្នែក នោះលទ្ធផលនៃការវិនិច្ឆ័យរោគ និងការដាក់ថ្នាំព្យាបាល ក៏អាចនឹងមានភាពខុសឆ្គង ឬយឺតយ៉ាវជាមិនខាន។ ការដឹកនាំរដ្ឋបាលមូលដ្ឋានក៏ដូចគ្នាដែរ យើងមិនអាចរំពឹងថានឹងដោះស្រាយបញ្ហាស្ទះលូ ទំនាស់ដីធ្លី ឬសណ្តាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាពបានឡើយ ប្រសិនបើមន្ត្រីគ្រាន់តែអង្គុយបញ្ជាពីចម្ងាយ ឬពីក្នុងការិយាល័យ។

ឈរលើទស្សនៈនេះ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ គឺជាគំរូនៃភាពជាមន្ត្រីសកម្មមួយរូប ដែលទទួលបានប្រជាប្រិយភាព និងការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នោះក៏ព្រោះតែសិល្បៈនៃការចុះអនុវត្តការងារផ្ទាល់ បញ្ជាការងារ និងដោះស្រាយនៅនឹងកន្លែង ធ្វើឱ្យការងារក្រោមការចាត់ចែងរបស់លោក ឆាប់ទម្លុះបាននូវភាពកកស្ទះ និងរាំងស្ទះ ព្រមទាំងសម្រេចបានលទ្ធផលជាផ្លែផ្កាថែមទៀត​ផង។

រូបភាពដែលលោក ប៉ាង លីដា មូលដៃអាវ មូលជើងខោ លុយទឹកលុយភក់ ចុះដឹកនាំកម្លាំងជំនាញកាយស្ដារប្រឡាយរំដោះទឹក និងប្រើប្រាស់ពាក្យពេចន៍ទន់ភ្លន់ពន្យល់ណែនាំពលរដ្ឋកុំឱ្យរំលោភចិញ្ចើមផ្លូវ គឺជាធាតុចូលដ៏មានតម្លៃដែលបង្ហាញថា «ការងារដែលជោគជ័យ គឺកើតចេញពីការចុះទៅដល់ទីតាំងមានបញ្ហាជាក់ស្តែង»។

មែនទែនទៅ វប្បធម៌ការងារ «ជើងជាប់ដី» នេះ មិនត្រឹមតែទទួលបានការគាំទ្រពីមហាជនទូទៅនោះទេ ប៉ុន្តែថែមទាំងទទួលបានការទទួលស្គាល់ជាផ្លូវការពីថ្នាក់ដឹកនាំកំពូលនៃក្រសួងមហាផ្ទៃទៀតផង។ ជាក់ស្តែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរមិនដាច់ពីមាត់ និងបានចាត់ទុកលោក ប៉ាង លីដា ជាបុគ្គលគំរូមួយរូបក្នុងការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី។ លើសពីនេះ ក្រសួងមហាផ្ទៃ​ថែមទាំងបានជ្រើសរើសរូបលោក ឱ្យធ្វើជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតឆ្នាំរបស់ក្រសួង ដើម្បីចែករំលែកបទពិសោធន៍ការងារមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ទៅកាន់មន្ត្រីដទៃទៀតទូទាំងប្រទេស។ នេះជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពុងផ្តល់តម្លៃខ្ពស់បំផុតលើ «មន្ត្រីសកម្ម» ដែលហ៊ានលះបង់ការស្រណុកសុខស្រួល ចុះភ្ជាប់ជាមួយពលរដ្ឋ ដើម្បីដោះស្រាយឱ្យបានទាន់ពេលទាន់វេលា។

ដើម្បីឆ្លើយតបនឹងសំណួរថា តើមន្ត្រីរាជការគួរបំពេញការងារបែបណាឱ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខណ្ឌនីមួយៗគួរតែពិនិត្យលើធាតុចូល និងអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖

  • កាត់បន្ថយម៉ោងការងារក្នុងបន្ទប់៖ គួររៀបចំកាលវិភាគការងារ ដោយបែងចែកយ៉ាងហោចណាស់ ៤០% ទៅ ៥០% នៃម៉ោងការងារប្រចាំសប្តាហ៍ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចុះវេទិកាសាធារណៈ ឬដើរត្រួតពិនិត្យភូមិ-សង្កាត់។
  • លុបបំបាត់របាយការណ៍លំអបន្លំភ្នែក៖ ការចុះទៅដល់ទីតាំងផ្ទាល់ នឹងជួយឱ្យអភិបាលខណ្ឌដឹងថា តើរបាយការណ៍ដែលមន្ត្រីថ្នាក់ក្រោមសរសេរមករៀបរាប់ថា «ល្អប្រសើរ» នោះ វាស្របគ្នានឹងទិដ្ឋភាពពិតនៅលើដីដែរឬទេ។
  • បង្កើតទំនុកចិត្តតាមរយៈការសន្ទនាផ្ទាល់មាត់៖ នៅពេលពលរដ្ឋឃើញមុខមន្ត្រីរាជការទៅដល់មុខផ្ទះ សួរនាំសុខទុក្ខដោយមិនប្រកាន់ខ្លួន វានឹងបង្កើតនូវភាពកក់ក្តៅ និងជម្រុញឱ្យមានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានដោយស្វ័យប្រវត្តិ។ រឿងខ្លះ មិនមែនតែមន្ត្រីតែមួយក្រុមអាចសម្រេចបានទេ តែវាត្រូវការការចូលរួមជាកម្លាំង ស្មារតី វិភាគទាន ជាទឹកប្រាក់ទើបអាចបានលទ្ធផល ដូចជាការជួសជុលផ្លូវថ្នល់ ការជួយសម្អាតបរិស្ថានក្នុងសហគមន៍ តាមសួនច្បារសាធារណៈ និងផ្លូវថ្នល់ ជាដើម។

សរុបសេចក្តីមក ស្មារតីបម្រើជាតិ និងប្រជាជន មិនមែនវាស់វែងដោយទំហំតុការិយាល័យធំប៉ុណ្ណា ឬកម្រិតត្រជាក់នៃម៉ាស៊ីនត្រជាក់នោះទេ។ សូមចងចាំរឿងដ៏សំខាន់មួយ ប្រជាពលរដ្ឋមិនត្រូវការមន្ត្រីដែលពូកែតែបង្ហោះ ទស្សនៈនិងទ្រឹស្តី ឬរូបភាពការងារសប្បុរសធម៌លើទំព័រហ្វេសប៊ុកនោះឡើយ ប៉ុន្តែពួកគេត្រូវការថ្នាក់ដឹកនាំដែលចុះមកស្ដាប់បញ្ហា ដោះស្រាយរាល់កង្វល់ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕

ចុះនៅក្នុងមូលដ្ឋានរបស់អ្នកវិញ តើមន្ត្រីរាជការបានចុះមកបំពេញការងារ បែបនេះហើយឬនៅ?

អត្ថបទ៖ ទស្សនៈស្មេរ

ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែ​លម្អ​សេវា​សាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និង​សហការ​ផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!


















Share.