សៀមរាប៖ រថយន្តព្រុសមួយគ្រឿងបានឆ្លងប្រព័ន្ធភ្លើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតទាំងស្រុង សល់តែគ្រោងដែក ខណៈម្ចាស់រថយន្តបានចុះចេញទាន់ពេល។



តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តខាងលើកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានផ្សែងហុយ និងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់កុំឱ្យរាលដាលទៅកាន់ទីតាំងក្បែរនោះ។ មូលហេតុដំបូងត្រូវបានសន្និដ្ឋានថា បណ្តាលមកពីការឆ្លងប្រព័ន្ធភ្លើងរបស់រថយន្ត។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅ ផ្លូវច្រកចូលសាលាបឋមសិក្សាតាពេជ្រ ក្បែរបេនឡានចាស់ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប៕
អត្ថបទ៖ តាតុងសែនជ័យ

