កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបការបោះបង្គោល និងហ៊ុមព័ទ្ធដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ក្នុងគោលបំណងយកដីធ្វើជាកម្មសិទ្ធិ ដោយពុំបានជួបម្ចាស់ ឬអ្នកប្រព្រឹត្ត។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតបង្គោលរបងឈើចំនួន ៥២បង្គោល និងដំណាំចេកចំនួន ៤១ដើម លើផ្ទៃដីទំហំ ០.៣០ហិកតា ដែលស្ថិតនៅចំណុចភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

តាមមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បង្ក្រាបបទល្មើសធនធានធម្មជាតិសរុប ៣៩ករណី។ ក្នុងនោះ មានការបោះបង្គោលហ៊ុមព័ទ្ធដីចំនួន២៨ករណី ដកហូតផ្ទៃដីប្រមាណ១៨.៥៣ហិកតា ការកាប់គាស់ រុករាន ឆ្ការ និងដុតព្រៃចំនួន៥ករណី លើផ្ទៃដីប្រមាណ២.៥១ហិកតា និងការដាក់អន្ទាក់សត្វព្រៃ១ករណី ដោយដកហូតអន្ទាក់១៥ខ្សែ និងសត្វស្វាងាប់១ក្បាល។

ក្រៅពីនេះ ក្រុមការងារបានបង្ក្រាបករណីកាប់រំលំ និងបំផ្លាញព្រៃឈើចំនួន២ករណី ដោយដកហូតឈើប្រភេទលេខ២ (ស្រល់) ចំនួន៦ដើម និងករណីរុករាន ទន្ទ្រានដី សង់រោងយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន២ករណី។

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះធ្វើឡើង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»៕

អត្ថបទ៖ ចតុម្មុខ

Share.