
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិនិត្យនិងតាមដានការងារអន្តរាគមន៍សង្គ្រោះបន្ទាន់លើបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងររហូតដល់ ៥៦២កន្លែង ដោយសារជម្លោះប្រដាប់អាវុធដែលយោធាថៃបើកការឈ្លានពេលមុននាពេលកន្លងមក។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសហប្រធានតំណាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងតំណាងស្ថានទូតឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស (បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក) អ្នកជំនាញការអាដហុក អង្គការយូណេស្កូ និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១៥០រូប។

នៅក្នុងអង្គប្រជុំ អាជ្ញាធរជាតិព្រះវិហារបានរាយការណ៍អំពីលទ្ធផលបេសកកម្មវាយតម្លៃរបស់អ្នកជំនាញការអន្តរជាតិនៃអង្គការយូណេស្កូ កាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦ ដែលបានពិនិត្យឃើញផលប៉ះពាល់ផ្ទាល់ពីជម្លោះប្រដាប់អាវុធកាលពីចុងឆ្នាំ២០២៥ ដោយបង្កការខូចខាតដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ជុំវិញ។ បច្ចុប្បន្ន របាយការណ៍ផ្លូវការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់គណៈកម្មការបេតិកភណ្ឌពិភពលោក (UNESCO WHC) ហើយ។
ឆ្លើយតបនឹងវិបត្តិធ្ងន់ធ្ងរនេះ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយដៃគូអន្តរជាតិដូចជា អង្គការយូណេស្កូ, មូលនិធិ ALIPH, ក្រសួងវប្បធម៌បារាំង បានអនុវត្តការងារសង្គ្រោះបន្ទាន់ជាច្រើនរួមមាន៖
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតលើផ្ទៃដីប្រមាណ ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥កន្លែង, គ្រាប់លើដី ៧៣០គ្រាប់, គ្រាប់កប់ក្នុងដី ២៤៧គ្រាប់ និងជ្រួន ៤។
ប្រមូលនិងចុះបញ្ជីបំណែកថ្មបាក់បែកបានចំនួន ៨៤,៨០០ដុំ, វាយទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ចំនួន ២៣ទីតាំង, ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទ ៥០កន្លែង, សាងសង់ដំបូលគ្របប្រាសាទ ៤កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត ២៥០ម៉ែត្រ។

ទោះជាយ៉ាងណា អង្គប្រជុំបានចង្អុលបង្ហាញថា នៅមានការងារបន្ទាន់ជាច្រើនទៀតត្រូវបន្តធ្វើ រួមមានការទល់ទ្ររចនាសម្ព័ន្ធប្រាសាទប្រឈមចំនួន ២៥កន្លែងបន្ថែមទៀត, ការសាងសង់រោងរក្សាទុកបំណែកថ្ម និងការរៀបចំប្រព័ន្ធផ្លូវទឹកបញ្ចៀសការខូចខាត។ ដើម្បីធានាសុវត្ថិភាពក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះ អង្គប្រជុំបានស្នើសុំឱ្យភាគីថៃផ្តល់ព័ត៌មានជាក់លាក់អំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យនៃការទម្លាក់គ្រាប់បែកពីលើអាកាស ព្រមទាំងការបាញ់ប្រហារពីដី។ ជាមួយគ្នានេះ ក៏បានផ្តល់អនុសាសន៍ឱ្យកំណត់តំបន់អាទិភាពក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម (Cluster Munitions)។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «តំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។» លោកជំទាវក៏បានរំលឹកអំពីសេចក្តីសម្រេច 48 COM 7 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្រុងប៊ូសាន និងបានសម្តែងក្តីសង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនទ្វេភាគី (JBC) នឹងបន្តការងារឡើងវិញដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ បន្ថែមពីនេះ លោកជំទាវបានអំពាវនាវឱ្យប្រជាជនកម្ពុជាភៀសសឹកប្រមាណ ២០,០០០នាក់ អាចត្រឡប់ទៅកាន់ភូមិឋានវិញដោយសុវត្ថិភាព ក្រោយពីត្រូវបានរារាំងដោយសកម្មភាពយោធារបស់ថៃ។

ក្រៅពីប្រាសាទព្រះវិហារ កិច្ចប្រជុំក៏បានពិនិត្យមើលសមិទ្ធផលនៅតំបន់កោះកេរ ដោយបានបញ្ចប់ការជួសជុលតួប៉មប្រាសាទក្រហម និងខ្លោងទ្វារខាងត្បូង (ជំនួយ ALIPH) ព្រមទាំងបន្តការស្រាវជ្រាវបុរាណវិទ្យារួមគ្នាជាមួយវិទ្យាស្ថាន Max Planck (អាល្លឺម៉ង់) និងសាកលវិទ្យាល័យ Yale (សហរដ្ឋអាមេរិក)។
ជាកិច្ចបញ្ចប់ អង្គប្រជុំ ICC-ព្រះវិហារ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់ (UNESCO, ALIPH, បារាំង, អាមេរិក/WMF) ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីស្តារ និងរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារទុកជាបេតិកភណ្ឌមនុស្សជាតិជំនាន់ក្រោយ៕
