កំពង់ស្ពឺ៖ កម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់អាយុ៤២ឆ្នាំ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងករណីរំលោភលើកុមារីអាយុ១១ឆ្នាំ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


តាមការបំភ្លឺរបស់កុមារីរងគ្រោះ បានឱ្យដឹងថា សកម្មភាពនេះបានកើតឡើងជាច្រើនលើក ចាប់ពីអំឡុងខែមិថុនា ឆ្នាំ២០២៦ រហូតមកដល់ពេលឃាត់ខ្លួន ខណៈកុមារីនៅក្នុងផ្ទះដោយគ្មានវត្តមានម្តាយ ឬជីដូន។
ក្រោយទទួលបានព័ត៌មាន និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះស្រាវជ្រាវ ឃ្លាំមើល និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីសាកសួរ និងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ កណ្ដាល

