
គម្រោងអភិរក្ស និងជួសជុលទ្រង់ទ្រាយធំលើខ្លោងទ្វារខាងត្បូងនៃកំពែងទី៥ របស់ប្រាសាទតាព្រហ្ម ដែលជាកិច្ចសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ដែលកំពុងមមាញឹកយ៉ាងខ្លាំង និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពង្រឹងរចនាសម្ព័ន្ធស្ថាបត្យកម្មបុរាណ និងលើកស្ទួយតម្លៃបេតិកភណ្ឌទេសចរណ៍។
គម្រោងជួសជុលដ៏មានសារៈសំខាន់នេះ បានចាប់ផ្ដើមដំណើរការតាំងពីដើមឆ្នាំ២០២៣ មកម្ល៉េះ។ គិតមកទល់នឹងពេលបច្ចុប្បន្ន ក្រុមអ្នកជំនាញបច្ចេកទេសបានខិតខំប្រឹងប្រែងជួសជុលពង្រឹងគ្រឹះនៃតួខ្លោងទ្វារ និងរៀបចំថ្មដាក់តាមទីតាំងដើមឡើងវិញតាមលំនាំដើម ដោយចាប់តាំងពីថ្នាក់គ្រឹះ និងខឿន រហូតឡើងដល់កំពូលខាងលើនៃមុខព្រហ្ម ដែលសម្រេចលទ្ធផលការងារជិតរួចរាល់ហើយ។

អ្នកជំនាញបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសារតែមុនពេលសម្រេចចិត្តជួសជុល រចនាសម្ព័ន្ធរបស់ខ្លោងទ្វារខាងត្បូងនេះបានដួលរលំទាំងស្រុង និងបន្សល់ទុកនូវដុំថ្មរាយប៉ាយច្របល់ចូលគ្នា ដូច្នេះក្រុមអ្នកជំនាញតម្រូវឱ្យប្រើប្រាស់ បច្ចេកទេសអាណាស្ទីឡូស (Anastylosis) ដែលជាបច្ចេកទេសដ៏មានវិទ្យាសាស្ត្រខ្ពស់ក្នុងការរុះរើរចនាសម្ព័ន្ធសំណង់ទាំងមូលដើម្បីយកមកផ្គុំតម្រៀបឡើងវិញតាមទម្រង់ដើម។
ទាក់ទងនឹងបញ្ហាថ្មដែលខូចខាត អ្នកជំនាញបានបញ្ជាក់ថា ការដួលរលំកន្លងមកបានធ្វើឱ្យថ្មមួយចំនួនបាក់បែកខូចគុណភាព និងបាត់បង់សរុបប្រមាណ ១៥ភាគរយ។ ក្នុងការជួសជុលទ្រោបទ្រង់រចនាសម្ព័ន្ធឱ្យរឹងមាំឡើងវិញ ក្រុមការងារចាំបាច់ត្រូវបន្ថែមថ្មថ្មីក្នុងករណីមានថ្មចាស់នៅរួតខាងលើ ប៉ុន្តែរួតខាងក្រោមត្រូវខ្វះខាត។ ដូច្នេះ ការប្រើប្រាស់ថ្មថ្មីគឺធ្វើឡើងដើម្បីទ្ររចនាសម្ព័ន្ធថ្មចាស់ដែលមានពីលើ និងការពារកុំឱ្យទឹកជ្រាបចូលក្នុងគ្រឹះតែប៉ុណ្ណោះ មិនមែនសម្រាប់គោលបំណងលម្អនោះឡើយ។

តាមរយៈការបញ្ចប់គម្រោងនេះទាំងស្រុងនៅចុងឆ្នាំ២០២៦ ខាងមុខ ក្រុមអ្នកជំនាញរំពឹងយ៉ាងមុតមាំថា ខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មនឹងវិលត្រឡប់មកមានភាពពេញលេញ រឹងមាំ និងមានសោភ័ណភាពស្រស់ត្រកាលឡើងវិញ ដែលជាចំណែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនកុះករ។

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបុរាណវិទ្យាឥណ្ឌា (ASI) មិនត្រឹមតែមានគម្រោងជួសជុលខ្លោងទ្វារខាងត្បូង និងខ្លោងទ្វារខាងកើតនៃកំពែងទី៥ នោះទេ ប៉ុន្តែក៏បានសម្រេចជោគជ័យជាស្ថាពររួចមកហើយនូវគម្រោងសំខាន់ៗជាច្រើនទៀត ដូចជា គម្រោងជួសជុលសាលរបាំផ្នែកខាងត្បូងឆៀងខាងលិច កំពែងថ្មបាយក្រៀម ខ្លោងទ្វាររោងទងទី៣ ព្រមទាំងការងារថែទាំជាប្រចាំ រួមមានការទល់ទ្រសង្គ្រោះបន្ទាន់នៅចំណុចហានិភ័យ និងការរៀបចំកម្រាលក្តារ ស្ពាន និងបង្កាន់ដៃឈើ ដើម្បីផ្ដល់ភាពងាយស្រួល និងធានាសុវត្ថិភាពដល់ទេសចរក្នុងការដើរទស្សនាកម្សាន្តក្នុងបរិវេណប្រាសាទតាព្រហ្មផងដែរ៕
