ប្រទេសថៃ៖ បណ្តាញអភិរក្សតំបន់អាងទឹក និងប្រជាពលរដ្ឋមកពីឃុំឈំពូ ស្រុកនើនម៉ាប្រាង ខេត្តពិស្ណុលោក ប្រមាណជាង ៥០នាក់ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការស្រុកដើម្បីដាក់ញត្តិប្រឆាំងនឹងគម្រោងសាងសង់ទំនប់ទឹក និងទាមទារឱ្យមានការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារ។

បណ្តាញអភិរក្សបានបញ្ជាក់ថា គម្រោងសាងសង់ទំនប់ទឹកនេះ នឹងត្រូវយកដីព្រៃដ៏សម្បូរបែបក្នុងតំបន់ឧទ្យានជាតិធុងសែលងហ្លួង ប្រមាណ ២,៧០០ ដល់ ៣,០០០ រ៉ៃ ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី ផ្លូវទឹកធម្មជាតិ និងទីជម្រករបស់សត្វព្រៃកម្រ រួមមាន ក្រពើទឹកសាបប្រភេទពូជសុទ្ធសំខាន់ៗ។ ពលរដ្ឋថៃបានស្នើឱ្យប្រើប្រាស់វិធីសាស្ត្រយុទ្ធសាស្ត្រផ្សេងជំនួសវិញ ដូចជាការបង្កើតអាងស្តុកទឹកខ្នាតតូច ឬប្រព័ន្ធទប់ទឹក ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងរាំងស្ងួតដោយមិនបាច់បំផ្លាញព្រៃឈើ។

ក្រុមអ្នកតវ៉ាក៏បានទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីលួចកាប់ឈើប្រភេទហាមឃាត់ក្នុងឧទ្យានជាតិបន្ទាប់ពីមានតម្រុយបង្ហាញថា មេដឹកនាំក្នុងមូលដ្ឋានអាចមានជាប់ការពាក់ព័ន្ធ ប៉ុន្តែគ្មានការបង្កើតគណៈកម្មការស៊ើបអង្កេតឱ្យបានច្បាស់លាស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ទំនប់ទឹកមួយនេះ ធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងគម្រោងរបស់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីនណាវាត្រា កាលពីឆ្នាំ២០១៣ ប៉ុន្តែត្រូវបានលុបចោលវិញក្នុងឆ្នាំ២០១៤ ក្រោយពេលមានការប្រឆាំងយ៉ាងខ្លាំងពីប្រជាពលរដ្ឋជាង ៣០០នាក់ ដោយសារបារម្ភពីផលប៉ះពាល់ដល់ជម្រកសត្វព្រៃ និងបរិស្ថាន មុនពេលគម្រោងនេះត្រូវបានព្យាយាមលើកយកមកសិក្សាឡើងវិញនាពេលថ្មីៗនេះ៕

Share.