រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនកម្ដៅយ៉ាងខ្លាំងក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងល្បែងស៊ីសងខុសច្បាប់ ដោយបានប្រកាសហាមឃាត់ និងបញ្ឈប់ដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹងល្បែងតាមប្រព័ន្ធអនឡាញនៅក្នុងទីតាំង ឬបរិវេណកាស៊ីណូនានាទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។

វិធានការក្តៅនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសំខាន់ៗពីរជាប់ៗគ្នា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្រោមអធិបតីភាព ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.ប.ឆ.ប. ព្រមទាំងមានការចូលរួមពី ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

យ៉ាងណាមិញ គេឃើញនៅក្នុងកិច្ចប្រជុំលើកដំបូង អាជ្ញាធរមានសមត្ថកិច្ចបានកោះប្រជុំជាលើកទី២ ជាមួយប្រតិបត្តិករ កម្មសិទ្ធិករ និងតំណាងក្រុមហ៊ុនកាស៊ីណូសរុបចំនួន ១៤៥ នាក់ ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីការមិនអនុញ្ញាតឱ្យមាន និងតម្រូវឱ្យបញ្ឈប់ភ្លាមៗនូវរាល់សកម្មភាពអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព នៅក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូទាំងនោះ។

ឈានដល់កិច្ចប្រជុំពេលរសៀលថ្ងៃដដែល អាជ្ញាធរបានបើកកិច្ចប្រជុំយុទ្ធសាស្ត្រមួយទៀតជាមួយថ្នាក់ដឹកនាំ និងតំណាងក្រសួងការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងតំណាងអយ្យការ និងសាលាដំបូងរាជធានី-ខេត្ត មកពី ខេត្តចំនួន ១៦ ដែលមានទីតាំងកាស៊ីណូកំពុងប្រតិបត្តិការ។

សូមជម្រាបថា កិច្ចប្រជុំនេះបានសម្រេចរៀបចំ «ក្រុមការងារចម្រុះ» ដើម្បីចាប់ផ្តើមប្រកាសប្រតិបត្តិការចុះពិនិត្យ និងត្រួតពិនិត្យផ្ទាល់នៅតាមទីតាំងកាស៊ីណូទាំងអស់ ចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ សំដៅធានាឱ្យបានដាច់ខាតថា ពុំមានការលបលួចបើកដំណើរការល្បែងតាមប្រព័ន្ធអនឡាញ ឬបង្កប់បទល្មើសឆបោកបច្ចេកវិទ្យាក្នុងទីតាំង ឬបរិវេណកាស៊ីណូនានានោះឡើយ។

គួររំលឹកថា យុទ្ធនាការក្តៅគគុកនាពេលនេះ បានស្ដែងឱ្យឃើញពីឆន្ទៈនយោបាយយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្អាតបរិយាកាសវិនិយោគ បង្កើនសន្តិសុខសង្គម និងលុបបំបាត់រូបភាពល្បែងអនឡាញខុសច្បាប់ឱ្យអស់ពីដែនដីកម្ពុជា៕

Share.